
អាជ្ញាធរស្វីសបានឲ្យដឹងថា បុរសម្នាក់ ដែលមានពូថៅ និងកាំបិត បានចាប់ចំណាប់ថ្នូរ ១៥នាក់ នៅលើរថភ្លើងអស់រយៈពេលជិត ៤ម៉ោង រហូតដល់នគរបាលបានសម្រុកចូលទៅក្នុងរថភ្លើង ហើយបានធ្វើឲ្យជនល្មើសរងរបួសដល់ស្លាប់ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ (ទី៨ ខែកុម្ភៈ)។
ហេតុការណ៍នេះបានកើតឡើងនៅទីក្រុង Essert-sous-Champvent លើខ្សែរថភ្លើងដែលតភ្ជាប់ទីក្រុង Baulmes និង Yverdon-les-Bains ក្នុងតំបន់ Vaud របស់ប្រទេសស្វីស ក្បែរព្រំដែនប្រទេសបារាំង។
នគរបាលមិនបានផ្តល់ព័ត៌មានលម្អិតណាមួយទាក់ទងនឹងហេតុផលជំរុញចិត្តរបស់បុរសនោះ ដែលនគរបាលបាននិយាយថា ជាអ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិអ៊ីរ៉ង់វ័យ ៣២ឆ្នាំ។ លោក Jean-Christophe Sauterel អ្នកនាំពាក្យនគរបាលប្រចាំតំបន់ Vaud បាននិយាយថា គ្មានការបង្ហាញថា ការចាប់ចំណាប់ថ្នូរនោះជាអំពើភេរវកម្មទេ។
អគ្គរដ្ឋអាជ្ញា លោក Eric Kaltenrieder បានប្រាប់ទូរទស្សន៍ក្នុងស្រុកថា៖ «វាជាព្រឹត្តិការណ៍ដែលមិនធ្លាប់មានពីមុនមក ដោយសារចំនួនជនរងគ្រោះ ដែលមានចំណាប់ថ្នូរ ១៥នាក់ និងការអន្តរាគមន៍ពីនគរបាលចំនួន ៦០នាក់»។
គួរបញ្ជាក់ដែរថា ស្ថានភាពចាប់ចំណាប់ថ្នូរ គឺកម្រកើតមានណាស់នៅប្រទេសស្វីស ប៉ុន្តែបានកើតឡើងនៅធនាគារ និងក្រុមហ៊ុន។ កាលខែមករា ឆ្នាំ២០២២ បុគ្គលិកនៃក្រុមហ៊ុនផលិតនាឡិកាមួយត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរ និងបង្ខំឲ្យបើកទូដែកមួយដែលទុកលោហៈមានតម្លៃ៕