
ប្រទេសអារ៉ាប់រួមបាននិយាយថា ខ្លួនបានទទួលជោគជ័យក្នុងការសម្រុះសម្រួលឲ្យមានដោះលែងអ្នកទោសសង្គ្រាមរុស្ស៊ី ១០០នាក់ ជាថ្នូរនឹងអ្នកទោសសង្រ្គាម ១០០នាក់ពីភាគីអ៊ុយក្រែន។
តាមរយៈការបង្ហោះនៅលើកម្មវិធីផ្ញើសារ Telegram ក្រសួងការពារជាតិរុស្ស៊ី បានកត់សម្គាល់ពី «ការសម្របសម្រួលមនុស្សធម៌» របស់អារ៉ាប់រួម ដូចនឹងការលើកឡើងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy និងស្ថាប័នអ៊ុយក្រែនដែលត្រួតពិនិត្យការដោះដូរអ្នកទោសសង្គ្រាមនេះដែរ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ WAM បានរាយការណ៍ថា ក្រសួងការបរទេសរបស់អារ៉ាប់រួម បាននិយាយថា នេះគឺជាកិច្ចប្រឹងប្រែងសម្របសម្រួលលើកទី៣ រវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន នៅឆ្នាំនេះ ដោយបន្ថែមថា ខ្លួនកំពុងអំពាវនាវឲ្យមានការងារការទូត ការសន្ទនា និងការបន្ធូរបន្ថយភាពតានតឹង៕