
សហរដ្ឋអាមេរិក កំពុងអំពាវនាវឲ្យមានការស៊ើបអង្កេតលើការសម្លាប់រង្គាលជនស៊ីវិល នៅក្នុងតំបន់ Amhara នៃប្រទេសអេត្យូពី ជាកន្លែងដែលក្រុមសិទ្ធិមនុស្សក្នុងតំបន់ និយាយថា មនុស្សជាង ៨០ នាក់ត្រូវបានសម្លាប់កាលពីសប្តាហ៍មុន បន្ទាប់ពីការប៉ះទង្គិចគ្នារវាងទាហាន និងក្រុមប្រដាប់អាវុធ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសអេត្យូពី លោក Ervin Massinga បាននិយាយនៅថ្ងៃសុក្រនេះថា៖«រដ្ឋាភិបាលអាមេរិក មានការព្រួយបារម្ភយ៉ាងខ្លាំង ដោយរបាយការណ៍ពីទីប្រជុំជន Merawi និងបានអំពាវនាវឲ្យមាន «ការចូលដំណើរការដោយគ្មានការរារាំងដោយអ្នកឃ្លាំមើលសិទ្ធិមនុស្សឯករាជ្យ ក៏ដូចជាការស៊ើបអង្កេតដោយមិនលម្អៀង ដើម្បីធានាថា ជនល្មើស ត្រូវបាននាំមកកាត់ទោស»។
លោក Massinga បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្លាប់ជនស៊ីវិល ដែលបានរាយការណ៍នៅទីប្រជុំMerawi បានកើតឡើងបន្ទាប់ពីមានរបាយការណ៍រំខាននៃការរំលោភបំពានផ្សេងទៀត នៅក្នុងតំបន់ Amhara និងកន្លែងផ្សេងទៀតក្នុងប្រទេសអេត្យូពីដែលត្រូវបានរួបរឹតដោយជម្លោះផ្ទៃក្នុងជាច្រើន
ការបះបោរមួយ បានផ្ទុះឡើងនៅក្នុងតំបន់ Amhara កាលពីខែមេសាឆ្នាំមុន នៅពេលដែលរដ្ឋាភិបាលបាន រំលាយកងកម្លាំងក្នុងតំបន់ និងទាញយកពួកគេចូលទៅក្នុងកងទ័ពសហព័ន្ធ។ ក្រុមជីវពលដែលគេស្គាល់ថា ជា Fano បានបើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅក្នុងខែសីហា ដែលពួកគេបានដណ្តើមយកទីក្រុងនានានៅទូទាំងតំបន់Amhara ក្នុងរយៈពេលប៉ុន្មានថ្ងៃ មុនពេលដកថយទៅកាន់ទីជនបទ។