ភ្នំពេញ ៖ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល ស្នើវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បន្តសហការ និងគាំទ្រវិស័យសុខាភិបាលកម្ពុជាឲ្យកាន់តែច្រើនថែមទៀត ជាពិសេសលើការបណ្តុះបណ្តាលធនធានមនុស្ស និងស្រាវជ្រាវវិទ្យាសាស្រ្ត ផ្នែកជំងឺឆ្លង។
ការថ្លែងរបស់ឯកឧត្តម រដ្ឋមន្រី្តយ៉ាងដូច្នេះ ដោយបានអនុញ្ញាតឲ្យលោកស្រី វេជ្ជបណ្ឌិត Laurence Baril នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នាទីសី្តការក្រសួង រសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ។ ក្នុងជំនួបពិភាក្សាការងារខាងលើនេះ ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ជូនថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺជាដៃគូដ៏យូរអង្វែង ដែលបានជួយឧបត្ថម្ភគាំទ្រប្រទេសកម្ពុជា ទាំងការអភិវឌ្ឍស្ថាប័នផ្នែកមន្ទីរពិសោធន៍ និងការអភិវឌ្ឍន៍ធនធានមនុស្ស។
ជាការឆ្លើយតបលោកស្រី វេជ្ជបណ្ឌិត Laurence Baril បានជម្រាបឯកឧត្តម រដ្ឋមន្រី្តថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មានបេសកកម្មជាចម្បងក្នុងផ្នែកសុខភាពសាធារណៈ ស្រាវជ្រាវវិទ្យាសាស្រ្តលើផ្នែកជំងឺឆ្លង មនី្ទរពិសោធន៍ និងអភិវឌ្ឍន៍ធនធានមនុស្ស។ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ចែកចេញជា៩ផ្នែក គឺ១.ផ្នែកចាក់ថ្នាំបង្ការ, ២.ផ្នែកវិភាគជីវវេជ្ជសាស្រ្ត, ៣.ផ្នែកវីរុសសាស្រ្ត, ៤.ផ្នែក Immunology, ៥.ផ្នែកអេពីដេមីសាស្រ្តសុខភាពសាធារណៈ, ៦.ផ្នែកសុវតិ្ថភាពអាហារ បរិស្ថាន, ៧.ផ្នែកបាណកសាស្រ្ត, ៨.ផ្នែកមនី្ទរពិសោធន៍ជំងឺគ្រុនចាញ់ និង៩.ផ្នែករដ្ឋបាល។
លោកស្រីវេជ្ជបណ្ឌិត ក៏បានបង្ហាញពីសមិទ្ធផលដែលវិទ្យាស្ថានសម្រេចបាន ដូចជាផ្នែកសុខភាពសាធារណៈ គឺបានអភិវឌ្ឍសមត្ថភាពមនី្ទរពិសោធន៍វិភាគគុណភាពទឹក និងចំណីអាហារ កម្មវិធីបង្ការជំងឺឆ្កែឆ្កួតក្នុងប្រទេសកម្ពុជា សម្របសម្រួល និងគាំទ្រដល់ការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាពិសេសបង្កើនសមត្ថភាពមនី្ទរពិសោធន៍ផ្នែកវីរុសសាស្រ្ត ក្លាយជាមនី្ទរពិសោធន៍បង្គោលនៅក្នុងតំបន់ ទទួលស្គាល់ដោយ WHO សម្រាប់ការវិភាគធ្វើរោគវិនិច្ឆ័យជំងឺកូវីដ-១៩។ ផ្នែកស្រាវជ្រាវវិទ្យាសាស្រ្ត គឺបានអភិវឌ្ឍ និងគាំទ្រឲ្យមានគម្រោងស្រាវជ្រាវវិទ្យាសាស្រ្ត ជាមួយដៃគូដូចជា CNM, CENAT, NCHADS, UHS, NIPH, CDC-MoH, GDAHP-MAFF និងមនី្ទរពេទ្យរដ្ឋមួយចំនួន ដោយបានបោះពុម្ភផ្សាយឯកសារលទ្ធផលស្រាវជ្រាវវិទ្យាសាស្រ្ត ការស្រាវជ្រាវផ្នែកភាពស៊ាំរបស់បាក់តេរីជាមួយថ្នាំផ្សះ និងបង្កើតក្រុមការងារ Single Cell Analysis និងSequencing។
ផ្នែកអប់រំ និងអភិវឌ្ឍធនធានមនុស្ស គឺបានបណ្តុះបណ្តាលបុគ្គលិកកម្ពុជា ឲ្យមានសមត្ថភាពដឹកនាំគម្រោងស្រាវជ្រាវវិទ្យាសាស្រ្ត បណ្តុះបណ្តាលថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្តុះបណ្តាលជំនាញបន្ថែមដល់បុគ្គលិកផងដែរ៕អត្ថបទ ៖ រដ្ឋា






