
ទូរទស្សន៍ក្នុងស្រុក TPBS បានរាយការណ៍ថា គ្រោះថ្នាក់រថយន្តក្រុងទេសចរណ៍មួយ នៅក្នុងខេត្ត Mae Hong Son (ម៉ែហុងសន) ភាគខាងជើងប្រទេសថៃ កាលពីយប់ថ្ងៃព្រហស្បតិ៍ (ទី៨ ខែកុម្ភៈ) បានធ្វើឲ្យអ្នកទេសចរជនជាតិដាណឺម៉ាកយ៉ាងហោចណាស់ ១៣នាក់ រងរបួស ហើយអ្នកបើកបររថយន្តក្រុងនេះ បានបាត់បង់ជីវិត។
មន្ត្រីក្នុងតំបន់បានប្រាប់សារព័ត៌មាន Reuters ថា ភ្ញៀវទេសចរ ៤នាក់ដែលមាននៅក្នុងឧបទ្ទវហេតុនេះ បានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់។ អ្នកបើកបររថយន្តក្រុងជាបុរសជនជាតិថៃវ័យ ៥០ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យ នាយប់នោះ។
ប្រព័ន្ធផ្សព្វផ្សាយ ThaiPBS បានរាយការណ៍ថា ឡានក្រុងទេសចរណ៍នេះបានដឹកអ្នកទេសចរចេញពីទីក្រុងឈៀងម៉ៃ ហើយកំពុងធ្វើដំណើរទៅកាន់កម្មវិធី Full Moon Party (ពិធីជប់លៀងព្រះចន្ទពេញបូណ៌មី)។ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួនផ្សេងទៀត បានឲ្យដឹងថា បន្ទាប់ពីបានឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យ រថយន្តក្រុងនោះបានក្រឡាប់ និងធ្លាក់ច្រាំងចោតជម្រៅប្រហែល ១៥ម៉ែត្រ។
នគរបាលបាននិយាយថា ជាជំហានដំបូង ហេតុការណ៍នេះកំពុងត្រូវបានចាត់ទុកថា ជាឧបទ្ទវហេតុ ខណៈការស៊ើបអង្កេតយ៉ាងល្អិតល្អន់កំពុងដំណើរការ៕