
កសិករប៉ូឡូញបាននាំគ្នាបិទផ្លូវទូទាំងប្រទេស និងនៅច្រកព្រំដែនជាមួយអ៊ុយក្រែន នៅថ្ងៃសុក្រ (ទី៩ ខែកុម្ភៈ) នេះ ដោយចាប់ផ្តើមកូដកម្មទូទៅរយៈពេល ១ខែ ដើម្បីតវ៉ាប្រឆាំងនឹងគោលនយោបាយរបស់សហភាពអឺរ៉ុប និងកង្វះវិធានការរបស់រដ្ឋាភិបាល ដើម្បីការពារជីវភាពរបស់ពួកគេ។
គួរបញ្ជាក់ដែរថា កសិករនៅប្រទេសបារាំង បែលហ្ស៊ិក ព័រទុយហ្គាល់ ក្រិក អេស្ប៉ាញ និងអាល្លឺម៉ង់ បាននិងកំពុងតវ៉ាប្រឆាំងនឹងការរឹតបន្តឹងដែលដាក់លើពួកគេដោយវិធានការនានារបស់សហភាពអឺរ៉ុប (EU) ដើម្បីដោះស្រាយជាមួយបម្រែបម្រួលអាកាសធាតុ ក៏ដូចជាការចំណាយកាន់តែខ្ពស់ និងអ្វីដែលពួកគេនិយាយថា ជាការប្រកួតប្រជែងមិនយុត្តិធម៌ពីបរទេស។
ដោយឡែកប្រជាកសិកររបស់ប្រទេសប៉ូឡូញ បាននិយាយជាពិសេសអំពីផលប៉ះពាល់នៃការនាំចូលអាហារតម្លៃថោកពីប្រទេសជិតខាងអ៊ុយក្រែន។ អ្នកនាំពាក្យសេវាព្រំដែនអ៊ុយក្រែនលោក Andriy Demchenko បាននិយាយតាមទូរទស្សន៍ថា កសិករប្រហែល ១០០នាក់ និងរថយន្ត ៥០គ្រឿង បានបិទផ្លូវទៅកាន់ច្រកព្រំដែន Medyka ដោយបានបិទចរាចរណ៍សម្រាប់យានយន្តទាំងអស់។
ប្រព័ន្ធផ្សព្វផ្សាយប៉ូឡូញបានឲ្យដឹងថា មានការរារាំងជាង ២៥០កន្លែង នៅទូទាំងប្រទេស ដោយរូបភាពបានបង្ហាញឲ្យឃើញនូវក្បួនត្រាក់ទ័រដែលបង្កការកកស្ទះផ្លូវនានា និងបដាដែលសរសេរដូចជាពាក្យថា «បើគ្មានយើងទេ អ្នកនឹងស្រេកឃ្លាន គ្មានអ្វីស្លៀកពាក់ និងទន់ខ្សោយរាងកាយជាមិនខាន»។
រដ្ឋមន្ត្រីក្រសួងកសិកម្មប៉ូឡូញបាននិយាយថា លោកយល់អំពីបញ្ហាប្រឈមដែលកសិករកំពុងជួបប្រទះ ប៉ុន្តែលោកសង្ឃឹមថា ការតវ៉ាអាចត្រូវបានរៀបចំតាមរបៀបមួយ ដើម្បីឲ្យក្លាយជា «ការពិបាកតិចតួចបំផុតសម្រាប់ពលរដ្ឋទូទៅ»៕