
អង្គការយូនីសេហ្វ (UNICEF) នៅថ្ងៃសុក្រ (ទី៩ ខែកុម្ភៈ) នេះ បានឲ្យដឹងថា កុមារចំនួន ៧០០.០០០នាក់ នៅក្នុងប្រទេសស៊ូដង់ ទំនងជាទទួលរងនូវកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរបំផុត នៅឆ្នាំនេះ ដោយកុមាររាប់ម៉ឺននាក់អាចស្លាប់។
សូមបញ្ជាក់ថា សង្រ្គាមរយៈពេល ១០ខែ នៅស៊ូដង់ រវាងកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសយ៉ាងធ្ងន់ធ្ងរ ដោយបាននាំឲ្យមានការព្រមានអំពីការកើតទុរ្ភិក្ស និងបានធ្វើឲ្យប្រជាជនរាប់លាននាក់ផ្លាស់ទីលំនៅទាំងក្នុងប្រទេស និងក្រៅប្រទេស។
លោក James Elder អ្នកនាំពាក្យរបស់អង្គការយូនីសេហ្វ បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវប្រទេសស្វីសថា៖ «ផលវិបាកនៃរយៈពេល ៣០០ថ្ងៃកន្លងមកនេះ មានន័យថា កុមារជាង ៧០០.០០០នាក់ ទំនងជាទទួលរងនូវកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរបំផុត នៅឆ្នាំនេះ។ អង្គការយូនីសេហ្វនឹងមិនអាចព្យាបាលកុមារជាង ៣០០.០០០នាក់នៃកុមារទាំងនោះ ដោយគ្មានការចូលទៅដល់ឲ្យបានល្អប្រសើរជាងនេះ និងដោយគ្មានជំនួយបន្ថែមនោះទេ។ ក្នុងករណីនោះ កុមាររាប់ម៉ឺននាក់ទំនងជានឹងស្លាប់»។
លោក Elder បានកំណត់ទម្រង់នៃកង្វះអាហារូបត្ថម្ភដ៏គ្រោះថ្នាក់បំផុតថា ជាកង្វះអាហារូបត្ថម្ភស្រួចស្រាល់ ដែលទំនងជាធ្វើឲ្យកើនឡើង ១០ដង ចំពោះការស្លាប់របស់កុមារ ដោយសារជំងឺ ដូចជាជំងឺអាសន្នរោគ និងគ្រុនចាញ់ជាដើម។ ហើយជាមួយគ្នានេះ លោកបានបន្ថែមថា កុមារចំនួន ៣,៥លាននាក់ ត្រូវបានព្យាករថា នឹងទទួលរងនូវកង្វះអាហារូបត្ថម្ភស្រួចស្រាល់៕