
ប្រជាជនប៉ាគីស្ថាន នៅថ្ងៃសុក្រ (ទី៩ ខែកុម្ភៈ) មានមន្ទិលសង្ស័យអំពីការពន្យារពេលចេញលទ្ធផល សម្រាប់ការបោះឆ្នោតជាតិរបស់ប្រទេសនេះ ដែលមានរយៈពេលត្រឹមតែមួយថ្ងៃបន្ទាប់ពីអ្នកបោះឆ្នោតបានទម្លាក់សន្លឹកឆ្នោតរបស់ពួកគេទៅក្នុងធុង។
ជិត ២៤ម៉ោងបានកន្លងផុតទៅហើយ ចាប់តាំងពីការបិទការបោះឆ្នោត ហើយការចេញលទ្ធផលត្រូវបានពន្យារពេលខុសពីធម្មតា ដែលរដ្ឋាភិបាលបានសន្មតដោយសារការផ្អាកសេវាកម្មទូរស័ព្ទ ដែលជាវិធានការសុវត្ថិភាពមុនការបោះឆ្នោត កាលពីថ្ងៃព្រហស្បតិ៍ (ទី៨ ខែកុម្ភៈ)។
អ្នកបោះឆ្នោត នៅទីក្រុង Karachi ឈ្មោះ Hussain Ali បានប្រាប់សារព័ត៌មាន Reuters ថា៖ «យើងបានមើលលទ្ធផលតាមកញ្ចក់ទូរទស្សន៍តាំងពីម្សិលមិញ ហើយយើងដឹងថា គណបក្សណាឈ្នះ។ ពួកគេទាំងអស់កំពុងប្រកាសលទ្ធផល។ ប៉ុន្តែឥឡូវនេះ ដោយសារពួកគេកំពុងពន្យារពេល និងផ្លាស់ប្តូរការប្រកាសលទ្ធផលនោះ វានឹងបង្កើតឲ្យមានភាពចម្រូងចម្រាស»។
បើយោងតាមការបូកសរុបលទ្ធផលរបស់សារព័ត៌មាន Reuters ដែលប្រកាសដោយគណៈកម្មាធិការបោះឆ្នោតប៉ាគីស្ថាន (ECP) បានឲ្យដឹងថា ក្នុងចំណោមអាសនៈចំនួន ១៣៦កៅអី ដែលរាប់ត្រឹមម៉ោង ១០:៤៥ ម៉ោងសកល ពីការប្រកួតប្រជែង ២៣៥អាសនៈ បេក្ខជនឯករាជ្យដែលគាំទ្រដោយអតីតនាយករដ្ឋមន្ត្រីដែលជាប់ពន្ធនាគារ លោក Imran Khan បានឈ្នះចំនួន ៤៩អាសនៈ។ គណបក្សសម្ព័ន្ធអារ៉ាប់មូស្លីមប៉ាគីស្ថាន (PML-N) របស់អតីតនាយករដ្ឋមន្ត្រីលោក Nawaz Sharif ទទួលបាន ៤២អាសនៈ ខណៈគណបក្សប្រជាជានប៉ាគីស្ថាន (PPP) របស់លោក Bilawal Bhutto Zardari ដែលជាកូនប្រុសរបស់នាយករដ្ឋមន្ត្រីលោកស្រី Benazir Bhutto ដែលត្រូវបានធ្វើឃាត ទទួលបាន ៣៤អាសនៈ។
អ្នកវិភាគបានព្យាករថា ប្រហែលជាមិនមានអ្នកឈ្នះច្បាស់លាស់នោះទេ ដោយបន្ថែមលើបញ្ហានៃប្រទេសដែលកំពុងពិបាកងើបឡើងវិញពីវិបត្តិសេដ្ឋកិច្ច ខណៈពេលដែលប្រទេសនេះកំពុងប្រឈមនឹងការកើនឡើងនូវអំពើហិង្សារបស់ពួកសកម្មប្រយុទ្ធ នៅក្នុងបរិយាកាសនយោបាយ ដែលមានការបែកបាក់គ្នាកាន់តែជ្រៅទៅៗ៕