
កសិករប្រទេសអេស្បាញ កាលពីថ្ងៃសុក្រ បានបិទផ្លូវនៅទូទាំងប្រទេសក្នុងការតវ៉ាថ្ងៃទី ៤ ហើយបានប្រកាសផែនការប្រមូលផ្ដុំគ្នានៅទីក្រុងម៉ាឌ្រីដ ខណៈពួកគេប្រឆាំងទៅនឹងច្បាប់បរិស្ថានរបស់សហភាពអឺរ៉ុប និងអ្វីដែលពួកគេមើលឃើញថាមានការបង់ពន្ធច្រើនហួស និងចំណាយលើថ្លៃសេវាផ្សេងៗច្រើន។
នៅភាគខាងជើងទីក្រុង ប៉ាផ្លូណា(Pamplona) កសិករបានចតត្រាក់ទ័ររបស់ពួកគេនៅខាងក្រៅអគារ រដ្ឋាភិបាលក្នុងតំបន់ Navarra ខណៈពួកគេស្នើសុំលក្ខខណ្ឌការងារប្រសើរជាងមុនសម្រាប់វិស័យនេះ។
លោក Luis Ruiz កសិករអាយុ ៧៦ឆ្នាំ ដែលបានមកតវ៉ា និយាយថា ពួកយើងគួរតែត្រូវបានគេចាត់ទុកជាមនុស្ស ហើយការបង់ថ្លៃសេវាផ្សេងៗជាច្រើនកំពុងតែរំខានយើង ខណៈប្រាក់ចំណេញតិចតួចដែលយើងទទួលបាននឹងអស់ លុះត្រាតែអ្វីៗត្រូវបានផ្លាស់ប្តូរ។
ចាប់តាំងពីថ្ងៃអង្គារមក កសិករប្រទេសអេស្ប៉ាញ បានចូលរួមជាមួយមិត្តភ័ក្តិមកពីប្រទេសអាល្លឺម៉ង់ បារាំង អ៊ីតាលី ព័រទុយហ្គាល់ និងប្រទេសបែលហ្ស៊ិក ក្នុងការតវ៉ាប្រចាំថ្ងៃ ដែលរួមមានការបិទផ្លូវធំ និងកំពង់ផែជាច្រើនកន្លែង។
សមាគមកសិករធំៗចំនួនបី បានចាប់ផ្តើមបាតុកម្មរបស់ពួកគេកាលពីថ្ងៃព្រហស្បតិ៍ ទោះបីជាមនុស្សជាច្រើនបានចាប់ផ្តើមរួចហើយកាលពីដើមសប្តាហ៍នេះក៏ដោយ។