
កសិករនៅសងខាងព្រំដែនប្រទេសអាល្លឺម៉ង់ និងប៉ូឡូញ បានតវ៉ាប្រឆាំងគោលនយោបាយកសិកម្មរបស់សហភាពអឺរ៉ុប កាលពីថ្ងៃសុក្រ។
កសិករនៅទូទាំងទ្វីបអឺរ៉ុប បានធ្វើការតវ៉ាប្រឆាំងឧបសគ្គដែលដាក់មកលើពួកគេដោយវិធានការរបស់សហភាពអឺរ៉ុប ដើម្បីដោះស្រាយបម្រែបម្រួលអាកាសធាតុ ព្រមទាំងការកើនឡើងការចំណាយ និងអ្វីដែលពួកគេនិយាយថា ជាការប្រកួតប្រជែងមិនយុត្តិធម៌ពីបរទេស។ ជាពិសេស កសិករប្រទេសប៉ូឡូញបាននិយាយឥតសំចៃអំពីផលប៉ះពាល់នៃការនាំចូលអាហារមានតម្លៃថោកមកពីប្រទេសជិតខាងអ៊ុយក្រែន។ កសិករដែលកំពុងតវ៉ាម្នាក់ នៅជាប់ព្រំដែនប្រទេសប៉ូឡូញ បាននិយាយថា យើងត្រូវជំរុញឱ្យប្រទេសអឺរ៉ុបទាំងអស់រារាំងអ៊ុយក្រែន និងជាពិសេសប្រទេសរុស្ស៊ី ព្រោះថាយើងនឹងក្ស័យធន។
ប្រព័ន្ធផ្សព្វផ្សាយប៉ូឡូញ បានរាយការណ៍ថា មានការបិទផ្លូវជាង ២៥០កន្លែង នៅទូទាំងប្រទេស។ ត្រាក់ទ័រជាច្រើនគ្រឿងត្រូវបានគេឃើញដោតទង់ជាតិប៉ូឡូញ និងបដាដែលមានពាក្យសរសេរដូចជា «បើគ្មានយើងទេ អ្នកនឹងស្រេកឃ្លាន និងរងទុក្ខ»។
កសិករនៅប្រទេសអាល្លឺម៉ង់ ក៏បានចេញតវ៉ានៅទូទាំងប្រទេសប្រឆាំងទៅនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការលុបចោលការមិនបង់ពន្ធលើប្រេងម៉ាស៊ូតកសិកម្ម។