ភ្នំពេញ៖ កម្ពុជាបានប្រកាសពីការករណីឃើញមនុស្ស ២៤នាក់ បានឆ្លងមេរោគកូវីដ-១៩បំប្លែងថ្មី B.1.617.2 ឬហៅថា Delta ដែលភាគច្រើននៃករណីឆ្លងទាំងនេះ ត្រូវបានរកឃើញលើពលរដ្ឋខ្មែរធ្វើដំណើរមកពីប្រទេសថៃ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាលបញ្ជាក់ថា ពលរដ្ឋខ្មែរចំនួន ១១នាក់ ក្នុងនោះមានស្ត្រី ៥នាក់ផងដែរ ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩បំប្លែងថ្មីខាងលើនេះកាលពីថ្ងៃម្សិលមិញនេះ បន្ទាប់ពីពួកគេបានធ្វើដំណើរវិលត្រឡប់មកពីប្រទេសថៃចូលមកកម្ពុជាវិញ។
ជាងនេះទៀត ក្រសួងសុខាភិបាល ក៏បានឱ្យដឹងផងដែរថា ករណីឆ្លងមេរោគកូវីដ-១៩បំប្លែងថ្មីនេះ ក៏ត្រូវបានរកឃើញលើពលរដ្ឋខ្មែរចំនួន ១២នាក់ផ្សេងទៀតផងដែរកាលពីថ្ងៃទី២៥ ខែមិថុនាកន្លងមកនេះ ដែលពួកគេទាំងអស់សុទ្ធតែបានធ្វើដំណើរវិលត្រឡប់មកពីប្រទេសថៃ។
ក្រសួងបញ្ជាក់ឱ្យដឹងផងដែរថា បុគ្គលិកសុខាភិបាលមួយរូបនៅខេត្តឧត្ដរមានជ័យ ក៏ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩បំប្លែងថ្មីនេះផងដែរ។
បើតាមក្រសួងសុខាភិបាល កម្ពុជាបានរកឃើញមនុស្ស ២៤នាក់ហើយបានឆ្លងមេរោគកូវីដ-១៩បំប្លែងថ្មីនេះ ក្នុងនោះ ២៣នាក់ ត្រូវបានរកឃើញលើពលរដ្ឋខ្មែរធ្វើដំណើរមកពីប្រទេសថៃ។
ជាមួយគ្នានេះ ក្រសួងសុខាភិបាលបានក្រើនរំលឹកជាថ្មីម្ដងទៀតទៅដល់សាធារណជនឱ្យបង្កើនការប្រុងប្រយ័ត្ន និងការពារខ្លួនពីការឆ្លងមេរោគកូវីដ-១៩បំប្លែងថ្មីនេះ។
អង្គការសុខាភិបាលពិភពលោក បានប្រកាសកាលពីសប្ដាហ៍មុនថា មេរោគកូវីដ-១៩បំប្លែងថ្មីប្រភេទ Delta នេះ ងាយឆ្លងលឿនពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត៕