
មជ្ឈមណ្ឌលស្រាវជ្រាវភូគព្ភសាស្ត្រអាល្លឺម៉ង់ (GFZ) បានឲ្យដឹងថា រញ្ជួយដីកម្រិត ៥,៦រ៉ិចទ័រ បានវាយប្រហារ Mindanao ប្រទេសហ្វីលីពីន នៅថ្ងៃសៅរ៍ (ទី១០ ខែកុម្ភៈ)។ GFZ បាននិយាយថា រញ្ជួយដីនេះមានជម្រៅ ១០គីឡូម៉ែត្រ។
ទីភ្នាក់ងាររញ្ជួយដីហ្វីលីពីនមានការប្រកាសខុសគ្នា ដោយនិយាយថា នេះជាការរញ្ជួយដីកម្រិត ៥,៩រ៉ិចទ័រដែលមានជម្រៅ ២៧គីឡូម៉ែត្រ។ ទីភ្នាក់ងារហ្វីលីពីនក៏បានឲ្យដឹងនៅក្នុងនិវេទន៍របស់ខ្លួនថា ខ្លួនរំពឹងថាមិនមានការខូចខាតនោះទេ ប៉ុន្តែអាចមានការរញ្ជួយតូចៗ។
ជាមួយគ្នានេះ អាជ្ញាធរបានប្រាប់ថា បុគ្គលិកជួយសង្គ្រោះដែលកំពុងស្វែងរកអ្នកបាត់ខ្លួនរាប់សិបនាក់ នៅក្នុងហេតុការណ៍បំណាក់ដីមុននេះ នាទីក្រុង Maco ក្នុងខេត្ត Davao de Oro ភាគខាងត្បូងប្រទេសហ្វីលីពីន ត្រូវបញ្ឈប់ប្រតិបត្តិការរបស់ពួកគេ ដោយសារតែការរញ្ជួយដីនេះ។
គួរបញ្ជាក់ដែរថា ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីដែលបានកើតឡើងកាលពីយប់ថ្ងៃអង្គារ (ទី៦ ខែកុម្ភៈ) នៅខាងក្រៅការដ្ឋានជីករ៉ែមាស បានកើនឡើងដល់យ៉ាងហោចណាស់ ២៨នាក់ ខណៈ ៧៧នាក់នៅតែបាត់ខ្លួន និង ៣២នាក់បានរងរបួស ក្នុងនោះរួមទាំងក្មេងស្រីអាយុ ៣ឆ្នាំម្នាក់ផងដែរដែលត្រូវបានជួយសង្គ្រោះ កាលពីថ្ងៃសុក្រ (ទី៩ ខែកុម្ភៈ) បន្ទាប់ពីនៅក្រោមគំនរបាក់បែក ៦០ម៉ោង។ ភ្លៀងធ្លាក់ខ្លាំងបានកើតមាននៅទីក្រុង Davao de Oro ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយបង្កឲ្យមានជាទឹកជំនន់ និងបំណាក់ដី៕