
ពោធិ៍សាត់: គណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១០ ខែកម្ភៈ ឆ្នាំ២០២៤នេះ បានរៀបចំពិធីបើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងព្រឹទ្ធសភានីតិកាលទី៥ឆ្នាំ ក្រោមអធិបតិភាព ឯកឧត្តម ស៊ុយ សែម ព្រឹទ្ធសមាជិកកិត្តិយសក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្ត ឯកឧត្តម កែវរតនៈ ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្ត និងឯកឧត្តម ខូយ រីដា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត ពិធីនេះប្រារព្ធធ្វើនៅស្នាក់ការគណបក្សខេត្តស្ថិតក្នុងសង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ដោយមានអ្នកចូលរួមជិត ៧០០នាក់។
ឯកឧត្តម ខូយ រីដា បានលើកឡើងថា អង្គបោះឆ្នោតដែលបានចុះឈ្មោះជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់និងអ្នកតំណាងរាស្ត្រចំនួន៣៤៥រូប ក្នុងនោះអង្គបោះឆ្នោតជាសមាជិកក្រុមឃុំ សង្កាត់របស់គណបក្សប្រជាជនកម្ពុជាចំនួន៣១១រូបតំណាងរាស្ត្រ៤រូបនិងគណបក្សផ្សេងៗ៣០រូប ។ ខេត្តពោធិ៍សាត់មានមណ្ឌលបោះឆ្នោត១កន្លែងស្ថិតនៅសាលាបឋម សិក្សាពោធិ៍សាត់ ក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោអិ៍សាត់ ដែលមានការិយាល័យលេខ៧០០៥។
ឯកឧត្តម ស៊ុយ សែម និងឯកឧត្តម កែវ រតនៈ មានប្រសាសន៍សំណាលក្នុងឱកាសបើកយុទ្ធនាការឃោសនានោះថា នៅថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២៤ ខាងមុខនេះ ជាការបោះឆ្នោតមួយដ៏មានសារៈសំខាន់សម្រាប់បុព្វហេតុបន្តកសាងនិងការពារមាតុភូមិកម្ពុជានាំមកនូវសុខសន្តិភាពនិងការអភិវឌ្ឍន៍លើគ្រប់វិស័យ ។ ពិតមែនតែការបោះឆ្នោតជ្រើតាំងសមាជិកព្រឹទ្ធសភាជាការបោះឆ្នោតអសកល ប៉ុន្តែគឺជាការបោះឆ្នោតដែលកើតចេញពីឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាពិតប្រាកដ ព្រោះថាអ្នកតំណាងរាស្ត្រនិងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំង៤៩ជាអ្នកបោះឆ្នោតផ្ទាល់ គឺជាអ្នកតំណាងដ៏ឧត្តុង្គឧត្តមរបស់ប្រជាជនដែលប្រសូត្រចេញពីឆន្ទៈរបស់ប្រជាជន ។
ឯកឧត្តម ស៊ុយ សែម និងឯកឧត្តម កែវ រតនៈ សូមសម្តែងការគោរពដឹងគុណចំពោះអង្គបោះឆ្នោត តែងតែផ្តល់ការគាំទ្រចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គ្រប់កាលៈទេសៈក្នុងរយៈពេល៤៥ឆ្នាំ ហើយសូមឱ្យបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ ខ្ជាប់ខ្ជួនតាមច្បាប់ បទបញ្ជា នីតិវិធី ក្រមសីលធម៌និងគោរពនូវលទ្ធផលនៃការបោះឆ្នោតដើម្បីរក្សាបរិយាកាសនយោបាយប្រកបដោយលក្ខណៈសេរី យុត្តិធម៌
សណ្តាប់ធ្នាប់និងសុវត្ថិភាព ក្នុងគោលដៅពង្រឹងលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋនៅកម្ពុជាឱ្យកាន់តែរឹងមាំឡើង យើងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺធានានូវជោគវាសនារបស់ជាតិនិងប្រជាជន។គណបក្ស ប្រជាជនកម្ពុជា ប្តេជ្ញាបន្តខិតខំអស់ពីលទ្ធភាពក្នុងការអនុវត្តកម្មវិធីនយោបាយ សំដៅថែរក្សានូវសន្តិភាព ឯករាជ្យជាតិ អធិបតេយ្យនិងបូរណភាពទឹកដី។បន្តពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋទាំងនៅថ្នាក់ជាតិនិងនៅថ្នាក់ក្រោមជាតិនិងជម្រុញការអភិវឌ្ឍ ប្រទេសជាតិឱ្យកាន់តែរីកចម្រើន ប្រជាជនមានជីវភាពកាន់តែសម្បូសប្បាយ រស់នៅយ៉ាងសុខដុមរមនាក្នុងសង្គម។ អត្តបទ ៖ ភិរុណ ពៅ






