
អភិបាលតំបន់ លោក Oleh Synehubov នៅថ្ងៃសៅរ៍ (ទី១០ ខែកុម្ភៈ) នេះ បានប្រាប់ឲ្យដឹងថា ការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ី បានសម្លាប់ជនស៊ីវិល ៧នាក់ ក្នុងនោះរួមទាំងកុមារ ៣នាក់ផងដែរ នៅក្នុងទីក្រុង Kharkiv របស់ប្រទេសអ៊ុយក្រែន។
លោក Synehubov បាននិយាយថា កងកម្លាំងរុស្ស៊ីបានវាយប្រហារទីក្រុង Kharkiv ជាមួយនឹងយានដ្រូន Shaded កាលពីយប់ថ្ងៃសុក្រ (ទី៩ ខែកុម្ភៈ)។
លោកបានឲ្យដឹងនៅលើកម្មវិធីផ្ញើសារ Telegram ថា៖ «ដោយសារការធ្វើវាយប្រហារ មនុស្ស ៧នាក់ បានបាត់បង់ជីវិត ក្នុងចំណោមជនរងគ្រោះទាំងនោះ មានកុមារ ៣នាក់ ដោយកុមារម្នាក់អាយុ៧ឆ្នាំ ម្នាក់ទៀតអាយុ ៤ឆ្នាំ និងទារកអាយុប្រហែល ៦ខែម្នាក់»។
ជាមួយគ្នានេះ អភិបាលក្រុង Kharkiv លោក Ihor Terekhov បាននិយាយថា លំនៅឋានឯកជនចំនួន ១៤ខ្នង ត្រូវបានបំផ្លាញ ហើយអ្នកស្រុកចំនួន ៥០នាក់ ត្រូវបានជម្លៀសចេញ។
រុស្ស៊ីមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ ប៉ុន្តែនិយាយថា ខ្លួនមិនមានគោលបំណងកំណត់គោលដៅលើទីតាំងជនស៊ីវិលនោះទេ៕