
ដោយលទ្ធផលភាគច្រើនដែលឥឡូវនេះត្រូវបានប្រកាសនៅក្នុងការបោះឆ្នោតសកលរបស់ប្រទេសប៉ាគីស្ថាន គេមិនឃើញកម្លាំងនយោបាយណាមួយទទួលបានសំឡេងភាគច្រើនដាច់ខាតនោះទេ។
អតីតនាយករដ្ឋមន្ត្រីលោក Imran Khan ដែលជាប់ពន្ធនាគារ កំពុងអះអាងពីជ័យជម្នះ នៅក្នុងការបោះឆ្នោត កាលពីថ្ងៃព្រហស្បតិ៍ (ទី៨ ខែកុម្ភៈ) ដោយសារបេក្ខជនឯករាជ្យដែលមានទំនាក់ទំនងជាមួយលោកបានទទួលអាសនៈភាគច្រើនរហូតមកដល់ពេលនេះ។ ប៉ុន្តែអតីតនាយករដ្ឋមន្ត្រីម្នាក់ទៀត លោក Nawaz Sharif និយាយថា គណបក្សរបស់លោកបានលេចឡើងក្នុងនាមជាអ្នកទទួលបានសំឡេងឆ្នោតច្រើនជាងគេបំផុត ហើយជំរុញឲ្យអ្នកផ្សេងទៀតចូលរួមជាមួយលោកក្នុងរដ្ឋាភិបាលចម្រុះ។
ជាមួយគ្នានេះ មានសេចក្ដីរាយការណ៍ថា កិច្ចចរចាបង្កើតរដ្ឋាភិបាលចម្រុះ រវាងគណបក្សសម្ព័ន្ធមូស្លីមប៉ាគីស្ថាន (PML-N) របស់លោក Sharif និងក្រុមផ្សេងទៀត កំពុងដំណើរការរួចហើយ បើទោះបីជាលទ្ធផលផ្លូវការចុងក្រោយមិនទាន់ត្រូវបានប្រកាសនៅឡើយក៏ដោយ។
ក្នុងសារវីដេអូអះអាងដែលបានបង្ហោះនៅលើបណ្ដាញសង្គម X ដែលត្រូវបានបង្កើតឡើងដោយប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ជាសារមួយដែលត្រូវបានសន្មតថា លោក Khan បាននិយាយថា គណបក្ស Pakistan Tehreek-e-Insaf (PTI) របស់លោក បានទទួលជ័យជម្នះក្នុងសំឡេងដ៏ច្រើនលើសលប់ ដោយបានប្រឆាំងនឹងអ្វីដែលលោកបានហៅថា ការបង្ក្រាបលើគណបក្សរបស់លោក។
លោក Khan ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគារ ដោយត្រូវបានកាត់ទោសក្នុងករណីដែលលោកនិយាយថាមានហេតុផលនយោបាយនោះ នៅក្នុងសារវីដេអូនោះ បាននិយាយថា៖ «ខ្ញុំសូមអបអរសាទរអ្នកគ្រប់គ្នាដែលបានឈ្នះការបោះឆ្នោតឆ្នាំ២០២៤។ អ្នកបានបង្កើតប្រវត្តិសាស្ត្រ»។
ជោគជ័យរបស់បេក្ខជនដែលមានទំនាក់ទំនងជាមួយគណបក្ស PTI គឺជារឿងមិននឹកស្មានដល់ ដោយអ្នកជំនាញភាគច្រើន បានយល់ស្របគ្នាថា លោក Sharif ដែលត្រូវបានគេជឿថា ទទួលបានគាំទ្រពីយោធាដ៏មានឥទ្ធិពលរបស់ប្រទេសនោះ គឺជាអ្នកមានសិទ្ធិខ្ពស់ជាងគេយ៉ាងច្បាស់ក្រឡែត ក្នុងការទទួលបានជ័យជម្នះ។ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺថា PTI មិនមែនជាគណបក្សដែលត្រូវបានទទួលស្គាល់នោះទេ បន្ទាប់ពីត្រូវបានហាមឃាត់មិនឲ្យឈរឈ្មោះក្នុងការបោះឆ្នោតនេះ ដូច្នេះតាមបច្ចេកទេស គណបក្សសម្ព័ន្ធមូស្លីមប៉ាគីស្ថាន (Nawaz) ឬ PML-N របស់លោក Sharif គឺជាក្រុមនយោបាយផ្លូវការធំជាងគេ៕