
ភ្នំពេញ៖ ក្រោយបិទបញ្ចប់មិទ្ទីងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៃការជួបជុំទ្រង់ទ្រាយធំ នៅមនី្ទរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២៤នេះ ឯកឧត្តម ឈាង រ៉ា ប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌសែនសុខ និងឯកឧត្តម ម៉ម ប៊ុនហេង អនុប្រធាន ចុះមូលដ្ឋានខណ្ឌសែនសុខ និងលោក ម៉ូវ ម៉ានិត ប្រធានគណៈកម្មាធិការគណបក្សខណ្ឌ បានបន្តដឹកនាំសមាជិក សមាជិកា ចំនួន៨០០នាក់ (ក្នុងនោះរថយន្ត៣០គ្រឿង ទោចក្រយានយន្ត២៥០គ្រឿង) យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅក្នុងមូលដ្ឋានខណ្ឌសែនសុខរបស់ខ្លួន។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នឹងឈរឈោ្មះជាប្រធានព្រឹទ្ធសភា ដែលជាសភាជាន់ខ្ពស់ នៃអំណាចនីតិប្បញ្ញត្តិ។
ក្នុងឱកាសនោះឯកឧត្តម ឈាង រ៉ា ប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌសែនសុខ បានថ្លែងអំណរគុណចំពោះអ្នកតំណាងរាស្រ្ត ក្រុមប្រឹក្សា ឃុំ-សង្កាត់ សមាជិក សមាជិកា គណបក្ស ដែលបានខិតខំប្រឹងប្រែងពុះពាររហូតទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាជន ដែលឈានដល់ការបង្កើតរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមនឹងនោះឯកឧត្តម ក៏បានផ្ដាំផ្ញើដល់អង្គបោះឆ្នោតទាំងអស់ សូមយកចិត្តទុកដាក់ថែរក្សាសុខភាពរបស់ខ្លួន ពិនិត្យឯកសារសម្រាប់ការបោះឆ្នោត តាមដានប្រតិទិនពាក់ព័ន្ធនឹងការបោះឆ្នោត ឲ្យបានជាប់ជាប្រចាំ និងគោរពឲ្យបានខ្ជាប់ខ្ជួនបទបញ្ញត្តិនានា ពាក់ព័ន្ធទៅនឹងការបោះឆ្នោត។
សូមបញ្ជាក់ផងដែរថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះ មានរយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាឱកាសឲ្យបេក្ខជនព្រឹទ្ធសភារបស់គណបក្ស បានជួបផ្ទាល់ជាមួយអង្គបោះឆ្នោត ដើម្បីផ្សព្វផ្សាយ អំពីគោលការណ៍ចម្បងសម្រាប់នីតិកាលទី៥ នៃព្រឹទ្ធសភា ឲ្យបានទូលំទូលាយ ស៊ីជម្រៅ និងផ្សព្វផ្សាយលេខរៀង និងរូបសញ្ញារបស់គណបក្សលើសន្លឹកឆ្នោត តាមការិយាល័យបោះឆ្នោត និងណែនាំអំពីរបៀបគូសសន្លឹកឆ្នោត ដល់អង្គបោះឆ្នោតទាំងអស់ សំដៅដណ្ដើមប្រៀបឈ្នះឱ្យបានដាច់ខាត ក្នុងការបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នាថ្ងៃទី២៥ ខែកុម្ភៈ២០២៤ ខាងមុខនេះ៕ អត្ថបទ៖ រដ្ឋា












