
កំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃសៅរ៍ ១កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសួនច្បារវិមានឯករាជ្យ ខេត្តកំពង់ឆ្នាំង ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារចុះជួយស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យ បានអញ្ជើញចូលរួមហែក្បួនបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុក ព្រមទាំង លោក លោកស្រី សមាជិក សមាជិកា ចុះជួយឃុំទាំង ១៨ នៅក្នុងស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យ ។
សូមរំលឹកផងដែរថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសុខសន្តិភាព សេរីភាព ប្រជាធិបតេយ្យ ធ្វើឱ្យមានកំណើនសេដ្ឋកិច្ចកាត់បន្ថយភាពក្រីក្រ លើកកម្ពស់វប្បធម៌ ធ្វើឱ្យកម្ពុជាមានកិត្តិយសលើឆាកអន្ដរជាតិ។
រាជរដ្ឋាភិបាលនីតិកាលទី ៧ ដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានបន្តថែរក្សាសុខសន្តិភាព និងដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដើម្បីកម្ពុជាសម្រេចឱ្យបានចក្ខុវិស័យឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់។
គណបក្សប្រជាជនកម្ពុជា សូមប្រកាសជាឱឡារិកនូវការចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥នេះ ដោយគោរពអនុវត្តយ៉ាងម៉ឺងម៉ាត់ ខ្ជាប់ខ្ជួនតាមច្បាប់បទបញ្ជា នីតិវិធី ក្រមសីលធម៌នៃការបោះឆ្នោត និងគោរពលទ្ធផលនៃការបោះឆ្នោត។
គណបក្សចូលរួមសហការ ជាមួយបណ្តាគណបក្សនយោបាយ មជ្ឈដ្ឋាននានាក្នុងសង្គម និងអាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាបរិយាកាសនយោបាយល្អប្រសើរប្រកបដោយលក្ខណៈសេរី យុត្តិធម៌ សណ្តាប់ធ្នាប់ល្អ និងសុវត្ថិភាព សម្រាប់ការបោះឆ្នោត ក្នុងគោលដៅពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ នៅកម្ពុជាឱ្យកាន់តែរឹងមាំឡើង។ ឯកឧត្តម ក៏បានអំពាវនាវដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា៕


