
ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា បេសកជនពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សរបស់កូរ៉េខាងជើង គឺលោកស្រី Julie Turner នឹងធ្វើដំណើរទៅកាន់ទីក្រុងតូក្យូប្រទេសជប៉ុន និងទីក្រុងសេអ៊ូលប្រទេសកូរ៉េខាថជើង ចាប់ពីថ្ងៃចន្ទ (ទី១២ ខែកុម្ភៈ)។
ក្នុងសេចក្តីប្រកាសព័ត៌មាននៅលើគេហទំព័ររបស់ខ្លួន កាលពីថ្ងៃសុក្រ (ទី៩ ខែកុម្ភៈ) ក្រសួងបានប្រាប់ ថា ក្នុងដំណើរទស្សនកិច្ចដែលមានរហូតដល់ថ្ងៃទី២២ ខែកុម្ភៈនោះ លោកស្រី Turner នឹងជួបជាមួយមន្ត្រីរដ្ឋាភិបាល សកម្មជន និងអ្នកចាកចេញពីកូរ៉េខាងជើង។
សេចក្ដីប្រកាសព័ត៌មាននោះបានឲ្យដឹងថា៖ «ដំណើររបស់បេសកជនពិសេស លោកស្រី Turner នឹងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស នៅកូរ៉េខាងជើង ការបង្កើនលទ្ធភាពទទួលបានព័ត៌មានដែលមិនត្រូវបានត្រួតពិនិត្យ នៅក្នុងប្រទេសបិទសិទ្ធិសេរីភាពនេះ និងផ្តល់សិទ្ធិអំណាចដល់សំឡេងអ្នកតស៊ូដែលប្រឹងប្រែងជំរុញឲ្យមានការផ្លាស់ប្តូរជាក់ស្តែងច្បាស់លាស់»។
គួរបញ្ជាក់ដែរថា លោកស្រី Turner បានចូលកាន់តំណែងនេះ កាលពីខែកក្កដាឆ្នាំមុន បន្ទាប់ពីតួនាទីនេះ នៅទំនេរ ចាប់តាំងពីឆ្នាំ២០១៧ មក ដោយពេលនោះសហរដ្ឋអាមេរិកបានផ្តោតបន្ថែមទៀតតែលើការនាំកូរ៉េខាងជើងទៅកាន់តុចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនប៉ុណ្ណោះ។ តែយ៉ាងណាក្ដី លោកប្រធានាធិបតីលោក Joe Biden បានប្តេជ្ញាពេលចូលកាន់តំណែងថា សិទ្ធិមនុស្សនឹងក្លាយជាចំណុចសំខាន់ចម្បងនៃគោលនយោបាយការបរទេសរបស់លោក៕