
ក្រសួងមហាផ្ទៃប្រទេសសេណេហ្គាល់ នៅថ្ងៃសៅរ៍ (ទី១០ ខែកុម្ភៈ) នេះ បាននិយាយថា និស្សិតម្នាក់ត្រូវបានសម្លាប់ នៅក្នុងទីក្រុង Saint-Louis ចំពេលមានការតវ៉ាដ៏ហិង្សា កាលពីថ្ងៃសុក្រ (ទី៩ ខែកុម្ភៈ) ប្រឆាំងនឹងការពន្យារពេលការបោះឆ្នោតប្រធានាធិបតី។
ការប៉ះទង្គិចគ្នា រវាងកងកម្លាំងសន្តិសុខ និងក្រុមបាតុករ បានកើតមានឡើងពាសពេញរដ្ឋធានីរបស់ និងទីក្រុងផ្សេងទៀតរបស់សេណេហ្គាល់ កាលពីថ្ងៃសុក្រនេះ ដែលជារីករាលដាលភាពចលាចលជាលើកដំបូង ជុំវិញការពន្យារពេលនៃការបោះឆ្នោត ដែលមនុស្សជាច្រើនភ័យខ្លាចថា អាចនាំឲ្យមានអស្ថិរភាពអូសបន្លាយយូរអង្វែង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានឲ្យដឹងថា ខ្លួនត្រូវបានជូនដំណឹងអំពីការស្លាប់របស់និស្សិតឈ្មោះ Alpha Yero Tounkara ហើយថា ខ្លួននឹងត្រួតពិនិត្យករណីនេះ ប៉ុន្តែបានបដិសេធថា កងកម្លាំងរបស់ខ្លួនមិនត្រូវបានឲ្យទទួលខុសត្រូវនោះទេ។ ក្រសួងបានប្រាប់ថា៖ «កងកម្លាំងការពារ និងសន្តិសុខ មិនបានធ្វើអន្តរាគមន៍ដើម្បីរក្សាសណ្តាប់ធ្នាប់ នៅក្នុងបរិវេណសាកលវិទ្យាល័យ ជាកន្លែងដែលការស្លាប់បានកើតឡើងនោះទេ»។
នៅមិនទាន់ច្បាស់ទេថា តើការតវ៉ានឹងបន្តធ្វើនៅថ្ងៃសៅរ៍នេះ ឬយ៉ាងណា។ ការប្រឈមមុខដោយហិង្សាបន្ថែមទៀតជាមួយកងកម្លាំងសន្តិសុខ នឹងបន្ថែមការភ័យខ្លាចដល់ការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ។
សូមបញ្ជាក់ថា មិនដល់ ៣សប្តាហ៍ នៅមុនការបោះឆ្នោតប្រធានាធិបតីថ្ងៃទី២៥ ខែកុម្ភៈ សភាបានបោះឆ្នោតដើម្បីលើកពេលទៅខែធ្នូវិញ ដោយបន្តអាណត្តិប្រធានាធិបតីលោក Macky Sall ដែលបានធ្វើឲ្យមានការព្រួយបារម្ភថា ការគំរាមកំហែងកំពុងតែកើតមានចំពោះប្រទេសមួយ ក្នុងចំណោមប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យយ៉ាងខ្ជាប់ខ្ជួន ក្នុងតំបន់អាហ្វ្រិកខាងលិចដែលញាំញីដោយរដ្ឋប្រហារ៕