
ដោយត្រូវជាប់នៅក្នុង និងជុំវិញទីក្រុង Rafah ចំពេលមានការភ័យខ្លាចពីការមាន «ទិដ្ឋភាពសម្លាប់រង្គាល» ប្រជាជនប៉ាឡេស្ទីនដែលស្ថិតក្នុងការតក់ស្លុតជាង ១លាននាក់ បានរង់ចាំឲ្យអ៊ីស្រាអែលបញ្ចប់សព្វគ្រប់នូវផែនការជម្លៀសពួកគេ ហើយចាប់ផ្តើមការវាយលុកប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស នៅតំបន់ហ្គាហ្សាភាគខាងត្បូង។
ទីភ្នាក់ងារផ្តល់ជំនួយបានព្រមានថា ជនស៊ីវិលមួយចំនួនធំអាចស្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ហើយទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ (Un) បាននិយាយថា ខ្លួនមិនដឹងថា តើខ្លួនអាចដំណើរការបានយូរប៉ុណ្ណា «នៅក្នុងប្រតិបត្តិការដែលមានហានិភ័យខ្ពស់បែបនេះ»។
ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu កាលពីថ្ងៃសុក្រ (ទី៩ ខែកុម្ភៈ) បានប្រកាសថា យោធាត្រូវបានបញ្ជាឲ្យបង្កើតផែនការ «ដើម្បីជម្លៀសប្រជាជន និងបំផ្លាញ» កងវរសេនាតូចរបស់ក្រុមហាម៉ាសចំនួន៤ ដែលខ្លួនបាននិយាយថា ត្រូវបានដាក់ពង្រាយនៅទីក្រុង Rafah។
ការិយាល័យនេះ បានឲ្យដឹងថា អ៊ីស្រាអែលមិនអាចសម្រេចបានគោលដៅរបស់ខ្លួន ក្នុងការកម្ចាត់ពួកសកម្មប្រយុទ្ធអ៊ីស្លាមដែលគ្រប់គ្រងតំបន់ហ្កាហ្សា ខណៈអង្គភាពទាំងនោះនៅតែមាន។
សេចក្តីថ្លែងការណ៍នេះ ដែលមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះ បានចេញផ្សាយ ២ថ្ងៃបន្ទាប់ពីលោក Netanyahu បានច្រានចោលសំណើបទឈប់បាញ់របស់ក្រុមហាម៉ាស ដែលរួមបញ្ចូលការដោះលែងចំណាប់ថ្នូរដែលត្រូវបានឃុំខ្លួនដោយពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន៕