
មនុស្សរាប់លាននាក់នៅទូទាំងប្រទេសចិន បានស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ខ្លួន នៅថ្ងៃសៅរ៍ (ទី១០ ខែកុម្ភៈ) នេះ ដែលមនុស្សជាច្រើនមានអារម្មណ៍ពោរពេញទៅដោយសុទិដ្ឋិនិយម។
ស្ដ្រីម្នាក់ឈ្មោះ Wu Yu ដែលបុគ្គលិកឧស្សាហកម្មសេវាកម្មវ័យ ៣៧ឆ្នាំ បាននិយាយថា ឆ្នាំ២០២៣ គឺជាឆ្នាំដ៏លំបាកសម្រាប់នាង ដោយសារតែសេដ្ឋកិច្ចធ្លាក់ចុះ។ អ្នកនាង Wu បាននិយាយថា៖ «ខ្ញុំសង្ឃឹមថា ឆ្នាំបន្ទាប់នឹងល្អជាងនេះ។ នោះគឺជាឆ្នាំរោងនេះហើយ ពោលគឺសត្វនាគហោះ ហើយសត្វខ្លាលោតហក់។ ដូច្នេះសង្ឃឹមថា យើងនឹងប្រមូល (រក) លុយបានច្រើនជាមិនខាន»។
សូមបញ្ជាក់ថា សេដ្ឋកិច្ចរបស់ប្រទេសចិនបានហក់ឡើង ៥,២ភាគរយ ក្នុងឆ្នាំ២០២៣ ដែលលើសពីគោលដៅផ្លូវការបន្តិច ប៉ុន្តែការស្ទុះងើបឡើងវិញ គឺមានភាពរង្គោះរង្គើជាងអ្នកវិភាគ និងអ្នកជំនាញជាច្រើនបានរំពឹងទុក។ មូលនិធិរូបិយវត្ថុអន្តរជាតិ បានព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុប ឬ GDP របស់ប្រទេសចិននឹងកើនឡើង ៤,៦ភាគរយ នៅឆ្នាំ២០២៤ និង ៤,១ភាគរយ ក្នុងឆ្នាំ២០២៥។
ថ្ងៃសៅរ៍នេះ គឺជាថ្ងៃដំបូងផ្លូវការនៃថ្ងៃឈប់សម្រាកបុណ្យនិទាឃរដូវ ដែលជាថ្ងៃបុណ្យជាតិដ៏ធំបំផុតរបស់ប្រទេសចិន ដែលចាប់ផ្តើមពីថ្ងៃទី១០ ខែកុម្ភៈ ដល់ថ្ងៃទី១៧ ខែកុម្ភៈ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ការធ្វើដំណើរក្នុងស្រុកចំនួន ៩ពាន់លាន ត្រូវបានគេព្យាករថា នឹងកើតឡើងក្នុងអំឡុងពេលការធ្វើដំណើររយៈពេល ៤០ថ្ងៃ ក្នុងរង្វង់ថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីនេះ៕