សហភាពមីយ៉ាន់ម៉ា បាននិយាយកាលពីថ្ងៃសៅរ៍ថា របបសឹកកំពុងអនុវត្តច្បាប់ដែលអនុញ្ញាតឱ្យយោធាកោះហៅបុរសទាំងអស់ដែលមានអាយុពី១៨ ដល់៣៥ ឆ្នាំ និងស្ត្រីដែលមានអាយុពី១៨ ដល់២៧ ឆ្នាំ ឱ្យបម្រើកងទ័ពយ៉ាងហោចណាស់ពីរឆ្នាំ ខណៈខ្លួនព្យាយាមកម្ចាត់ក្រុមប្រឆាំងរដ្ឋប្រហារឆ្នាំ២០២១។

សហភាពមីយ៉ាន់ម៉ាបានធ្លាក់ក្នុងភាពចលាចលចាប់តាំងពីការកាន់កាប់ដោយយោធានៅក្នុងខែកុម្ភៈឆ្នាំនោះ ដែលបានបញ្ចប់ការពិសោធន៍រយៈពេល១០ ឆ្នាំនៃលទ្ធិប្រជាធិបតេយ្យដ៏ក្មេងខ្ចី និងបានបង្កឱ្យមានការតវ៉ាទ្រង់ទ្រាយធំ និងការបង្ក្រាបលើក្រុមប្រឆាំង។

រយៈពេលបីឆ្នាំមកនេះ របបយោធា កំពុងប្រឹងប្រែងកម្ទេចក្រុមប្រឆាំងប្រដាប់អាវុធទូទាំងប្រទេសចំពោះការគ្រប់គ្រងរបស់ខ្លួន ហើយថ្មីៗនេះបានទទួលរងការបាត់បង់ដ៏គួរឱ្យភ្ញាក់ផ្អើលជាបន្តបន្ទាប់ចំពោះសម្ព័ន្ធមិត្តនៃក្រុមប្រដាប់អាវុធជនជាតិភាគតិច។

ក្រុមព័ត៌មានរបស់របបយោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានចេញសេចក្តីជូនដំណឹងអំពីប្រសិទ្ធភាពនៃច្បាប់ស្តីពីសេវាកម្មយោធារបស់ប្រជាជន ដែលចាប់ផ្តើមពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៤នេះតទៅ។
ច្បាប់នេះត្រូវបានបង្កើតឡើងដោយរបបយោធាមុនក្នុងឆ្នាំ ២០១០ ប៉ុន្តែមិនដែលត្រូវបានគេដាក់ឲ្យចូលជាធរមានទេ ។
សេចក្តីថ្លែងការណ៍កាលពីថ្ងៃសៅរ៍ពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ ប៉ុន្តែបាននិយាយថា ក្រសួងការពារជាតិរបស់របបយោធានឹង បញ្ចេញច្បាប់ នីតិវិធី សេចក្តីប្រកាសបទបញ្ជា និងសេចក្តីណែនាំ។
របបយោធាមួយនេះ ពុំបានផ្តល់ព័ត៌មានលម្អិតទេ ថាតើអ្នកទាំងនោះនឹងត្រូវបានកោះហៅឲ្យចូលបម្រើទ័ពបែបណា៕