
ភ្នំពេញ៖ ក្រសួងការពារជាតិបានឱ្យដឹងថា កងទ័ព និងសមាជិកក្រុមគ្រួសាររបស់ពួកគេរហូតដល់ជាង ១លាន ៩៣ម៉ឺននាក់ហើយ បានទទួលវ៉ាក់សាំងយ៉ាងហោចណាស់ ១ដូសរួចរាល់នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស។
ក្រសួងការពារជាតិបានប្រកាសឱ្យដឹងបែបនេះនៅក្នុងរបាយការណ៍របស់អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ដែលទើបចេញនៅយប់នេះ។
ក្នុងរបាយការណ៍នោះ អនុគណៈកម្មការនេះបញ្ជាក់ថា កងទ័ព និងសមាជិកគ្រួសាររបស់ពួកគេសរុបដល់ទៅជាង ១លាន ៩៣ម៉ឺននាក់ បានទទួលវ៉ាក់សាំងដែលផ្ដល់ឱ្យដោយក្រសួងការពារជាតិនៅតាមបណ្ដាអង្គភាពនានានៅទូទាំងប្រទេស។
បើតាមតួលេខដដែលនេះ កងទ័ព និងសមាជិកក្រុមគ្រួសាររបស់ពួកគេសរុបជាង ១លាន ៣២ម៉ឺននាក់ហើយ បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ទាំងពីរដូសរួចរាល់ហើយនៅអំឡុងយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសចាប់ពីថ្ងៃទី១០ ខែកុម្ភៈមក។
ក្រសួងការពារជាតិក៏បានឱ្យដឹងផងដែរថា ប្រជាពលរដ្ឋជិត ៦០ម៉ឺននាក់ទៀតនៅក្នុងខេត្តកំពង់ចាម ស្វាយរៀង ព្រះសីហនុ កោះកុង កំពង់ស្ពឺ និងតាកែវ បានទទួលវ៉ាក់សាំងដូសទី១រួចរាល់ហើយដែរ៕