អ៊ីស្រាអែលកំពុងប្រឈមនឹងការព្រមានពីអន្តរជាតិកាន់តែខ្លាំងឡើង ជុំវិញការវាយលុកដែលបានគ្រោងទុកលើទីក្រុងរ៉ាហ្វា(Rafah) ជាទីក្រុងនៅភាគខាងត្បូងហ្កាហ្សាប្រមូលផ្តុំដោយជនភៀសខ្លួនប៉ាឡេស្ទីន។

រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកដេវីដ កាមេរ៉ុន(David Cameron)បាននិយាយថា ជាងពាក់កណ្តាលនៃចំនួនប្រជាជននៅតំបន់ ហ្កាហ្សា កំពុងជ្រកកោននៅក្នុងតំបន់នេះ ខណៈរដ្ឋមន្ត្រីការបរទេស ហូឡង់លោកស្រី ហានកេ ប្រ៊ីន ស្លុត (Hanke Bruins Slot) បាននិយាយថា អាចមានជនស៊ីវិលស្លាប់ជាច្រើនទៀត។

អារ៉ាប៊ីសាអ៊ូឌីត បានព្រមានពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ប្រសិនបើទីក្រុងរ៉ាហ្វានេះត្រូវបានវាយប្រហារ។របបដឹកនាំរបស់ក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សាបាននិយាយថា អាចមានអ្នកស្លាប់ និងរបួសរាប់ម៉ឺននាក់ទៀត។
យោងតាមក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស មនុស្សជាង២៧.៩០០នាក់ បានស្លាប់ និងយ៉ាងហោចណាស់ ៦៧.០០០នាក់បានរងរបួសនៅក្នុងតំបន់ហ្កាហ្សាចាប់តាំងពីពេលនោះមក។
ប្រជាពលរដ្ឋជាច្រើនបានសម្រុកទៅកាន់តំបន់រ៉ាហ្វា ដោយត្រូវបានបង្ខំឱ្យភៀសខ្លួនពីផ្ទះសម្បែងរបស់ពួកគេទៅកន្លែងផ្សេងទៀតយ៉ាងហោចណាស់ម្តង។

ការព្រមានកាលពីថ្ងៃសៅរ៍បានកើតឡើងមួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានបញ្ជាឱ្យយោធារបស់លោករៀបចំការជម្លៀសជនស៊ីវិលចេញពីទីក្រុងនេះ មុនពេលការវាយលុកកាន់តែខ្លាំងប្រឆាំងនឹងក្រុមហាម៉ាស។
ការិយាល័យរបស់លោក Netanyahu បាននិយាយថា វាមិនអាចទៅរួចទេក្នុងការសម្រេចគោលដៅនៃសង្គ្រាមដោយមិនបានកម្ទេចក្រុមហាម៉ាស ហើយទុកឲ្យកងវរសេនាតូចក្រុមហាម៉ាសចំនួន៤នៅក្នុង ទីក្រុងរ៉ាហ្វា ។ វាច្បាស់ណាស់ថាសកម្មភាពដ៏ខ្លាំងក្លានៅរ៉ាហ្វា តម្រូវឱ្យជនស៊ីវិលជម្លៀសចេញពីតំបន់ប្រយុទ្ធ៕