ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសួនច្បារមាត់ទន្លេក្រុងតាខ្មៅ គណបក្សប្រជាជនកម្ពុជា មានរៀបចំពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មណ្ឌលភូមិភាគទី៣ ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម ម៉ម ប៊ុននាង សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមបេក្ខជនសមាជិកព្រឹទ្ធសភា រួមជាមួយឯកឧត្តម គង់ សោភ័ណ្ឌ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការបក្សខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីសំណាក់ក្រុមបេក្ខជនសមាជិកព្រឹទ្ធសភា (ពេញសិទ្ធិ និងបម្រុង) សមាជិកគណៈ- កម្មាធិការខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ប្រធាន-អនុប្រធានសាខាគណបក្សមន្ទីរ-អង្គភាពជុំវិញខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សទូទាំងក្រុងតាខ្មៅ សរុបចំនួន៩០៧នាក់។
អង្គពិធីទាំងមូលបានស្តាប់យ៉ាងយកចិត្តទុកដាក់នូវសារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសនៃការបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតកាលទី៥ ។
បន្ទាប់មកឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការបក្សខេត្តកណ្តាលបានថ្លែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ និងសមាជិកសមាជិកកាគណបក្សទាំងអស់ ដែលមានការជឿជាក់ និងបានផ្តល់ការគាំទ្រយ៉ាងធំធេង និងរឹងមាំចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជានៅគ្រប់កាលៈទេសៈធ្វើឱ្យគណបក្សអាចបំពេញបេសកកម្មបម្រើប្រទេសជាតិប្រកបដោយជោគជ័យ តាំងពីដំណាក់កាលសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍រហូតមក សម្រេចបានសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រយ៉ាងច្រើនជូនជាតិ ដែលធ្វើឱ្យប្រជាជនរស់នៅយ៉ាងសុខដុមក្រោមម្លប់នៃសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ។
ពីលើវេទិកានៃពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នាពេលនោះ ឯកឧត្តមប្រធានគណៈកម្មាធិការបក្សខេត្តកណ្តាល បានអំពាវនាវដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងតំណែងទូទាំងខេត្តកណ្តាល និងតំណាងរាស្រ្តក្នុងតំណែង សូមគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចឱ្យបានជ័យជម្នះកាន់តែធំធេងថែមទៀតនៅក្នុងការអនុវត្តគោលដៅជាយុទ្ធសាស្រ្ត គោលនយោបាយជាអាទិភាព និងកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥។
មានប្រសាសន៍បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មណ្ឌលភូមិភាគទី៣ (ខេត្តកណ្តាល) បានសម្តែងនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅជាទីបំផុតជូនចំពោះអង្គបោះឆ្នោតដែលជាតំណាងរាស្ត្រ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងតំណែង ដែលជានិច្ចកាលបានផ្ដល់យុត្តិធម៌ការជឿជាក់ និងការគាំទ្រយ៉ាងរឹងមាំដល់គណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំប្រទេសតាំងពីថ្ងៃជ័យជម្នះ៧មករាឆ្នាំ១៩៧៩ ដែលបានសង្គ្រោះជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ រហូតមកដល់ពេលនេះ។
ឯកឧត្តម ម៉ម ប៊ុននាង បានគូសបញ្ជាក់ថា ព្រឹទ្ធសភាជាស្ថាប័ននីតិប្បញ្ញាត្តកំពូលនៃព្រះរាជាណាចក្រកម្ពុជាយើង។ ស្ថិតក្នុងនីតិកាលកន្លងមក ព្រឹទ្ធសភាបានខិតខំជម្នះ ពុះពារបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រួមចំណែកក្នុងការបម្រើផលប្រយោជន៍ដល់ការគ្រប់គ្រងរដ្ឋ គ្រប់គ្រងសេដ្ឋកិច្ច សង្គម ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់នៃបទដ្ឋានគតិយុត្តជាច្រើនសម្រាប់បម្រើដល់ការការពារ ការកសាង ការអភិវឌ្ឍន៍ ព្រមទាំងតម្រូវការនៃការធ្វើសមា-ហរណកម្មក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ដើម្បីនាំប្រទេសជាតិឆ្ពោះទៅកាន់វឌ្ឍនភាពជាលំដាប់។ ព្រឹទ្ធសភាផ្សារភ្ជាប់ទៅនឹងជីវភាពនយោបាយរួមរបស់ជាតិ ជាពិសេសផ្សារភ្ជាប់ជាមួយនឹងក្រុមប្រឹក្សាឃុំ-សង្កាត់ទូទាំងប្រទេស និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន គ្រប់ទីកន្លែង ។
នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ជាថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលជាការបោះឆ្នោតមួយដ៏មានសារៈសំខាន់ក្រៃលែងសម្រាប់បុព្វហេតុបន្តកសាង និងការពារមាតុភូមិកម្ពុជាយើង។
ក្នុងស្មារតីនេះ ឯកឧត្តម បានអញ្ជើញ អ្នកតំណាងរាស្ត្រ និងសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ ទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា ទេវតាបាចផ្កា និងមានលេខរៀងទី១ នៅលើសន្លឹកឆ្នោតឱ្យបានគ្រប់ៗគ្នា៕







