ភ្នំពេញ ៖ ស្ថិតក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ក្នុងរាជធានីភ្នំពេញ គណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ចាក់វ៉ាក់សាំងជូនពលរដ្ឋ ក្នុងរាជធានីភ្នំពេញ លើសតួលេខដែលកំណត់ ដោយមន្រ្តីជំនាញបង្ហាញហេតុផលចំនួន៣ចំណុច។
មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន ក្នុងពិធីប្រគល់អំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជូនលោកយាយ ហូ ខាំ មានអាយុ១០១ឆ្នាំ ស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-19 ស្ថិតនៅសាលាបឋមសិក្សាចតុមុខ នាថ្ងៃទី០២ខែកក្កដាម្សិលមិញ លោកជំទាវ ឱ វណ្ណឌីនរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងកូវីដ-19 ក្នុងក្របខណ្ឌទូទាំងប្រទេស បានលើកឡើងពីហេតុផលបីចំណុច ធ្វើឱ្យដំណើរកាចាក់វ៉ាក់សាំងកូវីដ នៅរាជធានីភ្នំពេញ លើសតួលេខដែលបានកំណត់។
ហេតុផលទាំងបីនោះ រួមមាន ៖ ទី១.តួលេខដែលគ.វ.ក១៩ រៀបចំចាក់វ៉ាក់សាំងជូនពលរដ្ឋដែលមានវ័យពី១៨ឡើងទៅ គឺជាតួលេខប៉ាន់ស្មាន ដែលមានចូលសហការពីអាជ្ញាធរមូលដ្ឋាន។ ទី២.ពលរដ្ឋមួយចំនួននៅជិតរាជធានីភ្នំពេញ គាត់ស្ម័គ្រចិត្តមកទទួលការចាក់វ៉ាក់សាំងនៅរាជធានីភ្នំពេញ ។ទី៣.ពេលរៀបចំយុទ្ធនាការចាក់វ៉ាក់សាំង គឺគ.វ.ក ១៩ គិតតែពលរដ្ឋខ្មែរ ប៉ុន្តែនៅពេលបើកយុទ្ធនាការចាក់វ៉ាក់សាំង ដោយមានការគិតគូយកចិត្តទុក ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអនុញ្ញាតដល់ជនបរទេសរស់នៅក្នុងរាជធានីភ្នំទទួលបានការចាក់វ៉ាក់សាំងផងដែរ។
ក្រៅពីនេះ លើកជំទាវបានក្រើនរំលឹកដល់ពលរដ្ឋចាក់វ៉ាក់សាំងកូវីដដូសទី១ រួចរាល់ ស្ថិតក្នុងខណ្ឌចំនួន៣ ចុងក្រោយគេក្នុងរាជធានីភ្នំពេញ សូមអញ្ជើញទៅចាក់វ៉ាក់សាំងដូសទី២ តាមការកំណត់របស់គ្រូពេទ្យ ខណៈយុទ្ធនាកាចាក់វ៉ាក់សាំង នឹងបញ្ចប់នៅថ្ងៃទី០៨ ខែកក្ដដា ខាងមុខនេះ។
តាមផែនការមេ នៃគណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងកូវីដ-19 ក្នុងក្របខណ្ឌទូទាំងប្រទេស នឹងចាក់វ៉ាក់សាំងជូនពលរដ្ឋមានវ័យ១៨ឆ្នាំឡើងទៅ គោលដៅប្រមាណ១០លាននាក់ នៅពាក់កណ្តាលឆ្នាំ២០២២ ប៉ុន្តែការអនុវត្តជាក់ស្តែង អាចនឹងបញ្ចប់នៅអំឡុងខែតុលា ឫខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីកម្ពុជាទទួលបានវ៉ាក់សាំងគ្រប់គ្រាន់ ប្រមាណ២០លានដូស ដែលការគ្រោងទុក នឹងមកដល់នៅអំឡុងខែសីហា ខាងមុខនេះ។
ការចាក់វ៉ាក់សាំងកូវីដ-19 គឺជាមធ្យោបាយមួយ ក្នុងចំណោមវិធានការសុខាភិបាលចាំបាច់ដទៃទៀត ដែលនឹងបង្ការការរាតត្បាត ការចម្លងជំងឺកូវីដ-19 និងកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-19 ទៅលើវិស័យសេដ្ឋកិច្ច និងសង្គម៕
អត្ថបទ៖ទូច សោភ័ណ


