ឆ្មាំល្បាតឆ្នេរហ្វីលីពីននៅថ្ងៃអាទិត្យនេះ បានចោទប្រកាន់ចិនថាកំពុងធ្វើសកម្មភាពរារាំងប្រកបដោយគ្រោះថ្នាក់ខណៈនាវារបស់ខ្លួនបានល្បាតនៅជិតតំបន់កោះផ្កាប៉ប្រះទឹក (Scarborough) ក្នុងសមុទ្រចិនខាងត្បូងក្នុងខែនេះ។

តាមវីដេអូថតតាមយានដ្រូនដែលបានផ្សព្វផ្សាយដោយឆ្មាំល្បាតឆ្នេរហ្វីលីពីននៅថ្ងៃអាទិត្យនេះ បានបង្ហាញនាវាឆ្មាំល្បាតឆ្នេរចិនផ្សេងៗ កំពុងរារាំង នាវាឈ្មោះBRP Teresa Magbanuaរបស់ហ្វីលីពីនដែលមានប្រវែង៩៧ម៉ែត ក្នុងអំឡុងពេលល្បាតកាលពីថ្ងៃព្រហស្បតិ៍ទី៨កុម្ភៈ។ ឆ្មាំល្បាតឆ្នេរហ្វីលីពីន បាននិយាយថា នាវាជីវពលជើងទឹកចិនចំនួន៤គ្រឿង ក៏មានវត្ដមាននៅជិតតំបន់កោះផ្កាថ្មប៉ប្រះទឹកនោះដែរ។

ស្ថានទូតចិនក្នុងក្រុងម៉ានីល មិនបានឆ្លើយតបភ្លាមៗទេទៅនឹងការស្នើរសុំការធ្វើអត្ថាធិប្បាយទៅនឹងការចោទប្រកាន់នេះ។ ចំណែកស្ថានទូតចិនបានបិទទ្វារនៅចុងសប្ដាហ៍នេះ៕