លោក អាឡិចសាន់ឌឺ ស្ទូប (Alexander Stubb) នៃគណបក្សសម្ព័ន្ធជាតិស្តាំនិយមកណ្តាលបានឈ្នះការបោះឆ្នោតប្រធានាធិបតីហ្វាំងឡង់ កាលពីថ្ងៃអាទិត្យ (១១ កុម្ភៈ) ដោយបានផ្តួលសមាជិកគណបក្សសេរីនិយមលោក ពែកកា ហាវីស្តូ (Pekka Haavisto) ដែលបានទទួលស្គាល់បរាជ័យ។

លោក ស្ទូប គឺជាគាំទ្រអឺរ៉ុប និងជាអ្នកគាំទ្រដ៏រឹងមាំចំពោះអ៊ុយក្រែន ដែលបានប្រកាន់ជំហរតានតឹងជាមួយរុស្ស៊ី។ លោកបានប្រកាសថាខ្លួនជាអ្នកឈ្នះនៅក្នុងការបោះឆ្នោត បន្ទាប់ពីទទួលបានសំឡេងគាំទ្រ ៥១,៦ ភាគរយ ខណៈសន្លឹកឆ្នោត ៩៩,៧ ភាគរយត្រូវបានរាប់ ធៀបនឹងសំឡេង ៤៨,៤ ភាគរយរបស់លោក ហាវីស្តូ នេះបើយោងតាមទិន្នន័យរបស់ក្រសួងយុត្តិធម៌។

ប្រមុខរដ្ឋថ្មីរបស់ប្រទេសហ្វាំងឡង់ នឹងទទួលខុសត្រូវចំពោះសន្តិសុខ និងគោលនយោបាយការបរទេសរបស់ខ្លួន រួមទាំងជំហររបស់សមាជិកណាតូ ដែលត្រូវបានអនុម័តនាពេលថ្មីៗនេះចំពោះប្រទេសរុស្ស៊ី ដែលប្រទេសនេះមានព្រំដែនដ៏វែងឆ្ងាយជាមួយខ្លួន។

ការបោះឆ្នោតនេះ គឺជាយុគសម័យថ្មីមួយនៅក្នុងប្រទេសហ្វាំងឡង់ ដែលអស់រយៈពេលជាច្រើនទស្សវត្សរ៍បានជ្រើសរើសប្រធានាធិបតីដើម្បីជំរុញទំនាក់ទំនងការទូត ជាពិសេសជាមួយប្រទេសរុស្ស៊ី ដែលនៅជិតខាង ហើយបានជ្រើសរើសមិនចូលរួមសម្ព័ន្ធយោធាដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងទីក្រុងមូស្គូ និងអង្គការណាតូ។
ប៉ុន្តែប្រជាជនហ្វាំងឡង់ បានប្ដូរចិត្តបន្ទាប់ពីរុស្ស៊ី វាយលុកអ៊ុយក្រែន ដែលធ្វើឲ្យប្រទេសនេះងាកទៅចូលរួមក្នុងសម្ព័ន្ធយោធាណាតូ កាលពីខែមេសា ឆ្នាំមុន៕