សេតវិមានបាននិយាយថា លោកប្រធានាធិបតីអាមេរិក Joe Biden បានប្រាប់ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលថា ប្រតិបត្តិការយោធានៅ ក្រុងរ៉ាហ្វា(Rafah)មិនគួរកើតឡើងដោយគ្មានវិធានការធានាសុវត្ថិភាពរបស់ជនស៊ីវិលនោះទេ។

នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយលោក Benjamin Netanyahu លោក Biden បាននិយាយថា អ៊ីស្រាអែលត្រូវការ ផែនការដែលអាចទុកចិត្តបាន និងអាចប្រតិបត្តិបាន ដើម្បីការពារប្រជាជនជាងមួយលាននាក់នៅក្នុងទីក្រុងនេះ។

អ៊ីស្រាអែល កំពុងប្រឈមនឹងការព្រមានពីអន្តរជាតិកាន់តែខ្លាំងឡើង ជុំវិញការវាយលុកដែលបានគ្រោងទុក។លោក Netanyahu បានទទូចថា ដំណើរការវាយលុករបស់ខ្លួននឹងដំណើរការទៅមុខ ហើយផែនការកំពុងត្រូវបានរៀបចំ។

ការជជែកតាមទូរស័ព្ទរវាងមេដឹកនាំទាំងពីរបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីលោក Biden បានលើកឡើងថាប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅហ្កាហ្សាគឺជាទង្វើជ្រុលហួសហេតុ។
ការពិភាក្សានេះក៏បានកើតឡើងផងដែរ ក្រោយសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល អង្គការអន្តរជាតិ និងមហាអំណាចក្នុងតំបន់បង្ហាញពីការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះការលើកឡើងដែលថា ទាហានអ៊ីស្រាអែលនឹងចូលទៅក្នុងទីក្រុងរ៉ាហ្វា ដែលស្ថិតនៅជាប់ព្រំដែនជាមួយអេហ្ស៊ីប និងជាចំណុចបើកចំហតែមួយគត់សម្រាប់ជំនួយមនុស្សធម៌។
អង្គការសហប្រជាជាតិបាននិយាយថា គ្មានកន្លែងណាមានសុវត្ថិភាពត្រូវទៅសម្រាប់ប្រជាជនប៉ាឡេស្ទីន ចំនួន១,៥ លាននាក់ដែលកំពុងស្នាក់នៅក្នុងទីក្រុងឆ្ងាយភាគខាងត្បូងនៃហ្កាហ្សាស្ទ្រីបនោះទេ។
ប្រជាជនជាច្រើនកំពុងរស់នៅក្នុងតង់ក្នុងជំរំជនភៀសខ្លួន ដោយត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេទៅកន្លែងផ្សេងទៀតក្នុងតំបន់ហ្កាហ្សាយ៉ាងហោចណាស់ម្តង តាមបញ្ជារបស់យោធាអ៊ីស្រាអែល៕