ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (Joe Biden) និងក្រុមប្រមុខមន្ត្រីលោកខាងលិច បានរិះគន់អតីតប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃអាទិត្យ (១១ កុម្ភៈ) បន្ទាប់ពីលោកបានលើកឡើងថា សហរដ្ឋអាមេរិក ប្រហែលជាមិនអាចការពារសម្ព័ន្ធមិត្តណាតូ ដែលមិនបានចំណាយថវិកាគ្រប់គ្រាន់លើការការពារពីការឈ្លានពានរបស់រុស្ស៊ី ទេ។

លោក បៃដិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «បើលោក ត្រាំ អាចកាន់អំណាចឡើងវិញ ថ្ងៃនោះហើយដែលលោកនឹងបោះបង់ចោលសម្ព័ន្ធមិត្តណាតូ ប្រសិនបើរុស្ស៊ីវាយប្រហារ ហើយអនុញ្ញាតឱ្យរុស្ស៊ី ធ្វើអ្វីតាមអំពើចិត្ត»។
លោក ត្រាំ បាននិយាយក្នុងអំឡុងពេលជួបជុំនយោបាយនៅរដ្ឋ សៅ ខារ៉ូឡាញណា (South Carolina) ដោយរំលឹកពីកិច្ចប្រជុំជាមួយបណ្ដាមេដឹកនាំណាតូ និងបាននិយាយដល់ប្រធានាធិបតីនៃ «ប្រទេសធំមួយ» ដែលមិនបញ្ចេញឈ្មោះ ដោយសួរលោកថា «បើយើងមិនមានបានចំណាយគ្រប់គ្រាន់ ហើយយើងត្រូវបានវាយប្រហារដោយរុស្ស៊ី តើអ្នកនឹងការពារយើងទេ?» លោកត្រាំបានឆ្លើយថា «បើរឿងនោះកើតឡើងមែន ខ្ញុំនឹងមិនការពារអ្នកទេ»។

សមាជិក ៣១ ប្រទេសរបស់អង្គការណាតូ បានយល់ព្រមលើគោលដៅនៃការចំណាយយ៉ាងហោចណាស់ ២ ភាគរយនៃផលិតផលក្នុងស្រុកសរុបលើវិស័យការពារជាតិ ប៉ុន្តែការប៉ាន់ប្រមាណរបស់ណាតូ បានបង្ហាញថាមានតែ ១១ ប្រទេសប៉ុណ្ណោះដែលចំណាយច្រើនបែបនេះ។ ការអត្ថាធិប្បាយរបស់លោក ត្រាំនេះបានទាក់ទាញការស្តីបន្ទោសយ៉ាងឆាប់រហ័សពីអង្គការណាតូ និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក៕