រដ្ឋាភិបាលខេត្តបាននិយាយកាលពីថ្ងៃអាទិត្យ (១១ កុម្ភៈ) ថាចំនួនមនុស្សស្លាប់ដោយសារបំណាក់ដីនៅភាគខាងត្បូងប្រទេសហ្វីលីពីន បានកើនឡើងដល់ ៥៤ នាក់ ខណៈក្រុមអ្នកជួយសង្គ្រោះបានជីកយកសាកសពបន្ថែមទៀតពីល្បប់ភក់។

បំណាក់ដីបានកើតឡើងកាលពីយប់ថ្ងៃអង្គារ នៅជិតអណ្តូងរ៉ែមាសមួយក្នុងទីក្រុង ម៉ាខូ (Maco) ក្នុងខេត្ត ដាវ៉ាវ ដឺអូរ៉ូ (Davao de Oro) ដោយបានកប់លំនៅឋានជាច្រើនខ្នង និងរថយន្ត ដែលដឹកបុគ្គលិកទៅកន្លែងប្រតិបត្តិការដោយក្រុមហ៊ុនជីករ៉ែ អេភីក ម៉ាញនីង (Apex Mining)។

អ្នកបាត់ខ្លួនមានចំនួន ៦៣ នាក់ ដោយរដ្ឋាភិបាលខេត្តបាននិយាយថា ចំនួននេះនៅមិនទាន់ផ្ទៀងផ្ទាត់នៅឡើយ ហើយមនុស្សសរុប ៣២ នាក់បានរងរបួសក្នុងបំណាក់ដីនេះ។
លោក អេដវើត ម៉ាខាភីលី (Edward Macapili) មន្ត្រីនៅខេត្ត ដាវ៉ាវ ដឺអូរ៉ូ បាននិយាយថា មនុស្សជាង ៣០០ នាក់បានចូលរួមក្នុងការជួយសង្គ្រោះ ប៉ុន្តែប្រតិបត្តិការនេះកំពុងត្រូវបានរារាំងដោយភ្លៀងធ្លាក់ខ្លាំង ល្បប់ភក់ដ៏ក្រាស់ និងការគំរាមកំហែងនៃបំណាក់ដីបន្ថែមទៀត៕