រដ្ឋាភិបាលអ៊ីរ៉ាក់ បាននិយាយថា អ៊ីរ៉ាក់ និងសហរដ្ឋអាមេរិក បានបន្តកិច្ចចរចាជុំថ្មីមួយកាលពីថ្ងៃអាទិត្យដើម្បីពិភាក្សាអំពីការបញ្ចប់បេសកកម្មរបស់សម្ព័ន្ធអន្តរជាតិដែលដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់។

អ្នកនាំពាក្យយោធាអ៊ីរ៉ាក់ លោក យ៉ាយ៉ា រ៉ាស៊ូល (Yahya Rasoul) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គណៈកម្មការយោធាជាន់ខ្ពស់ (HMC) បានបន្តកិច្ចប្រជុំជាមួយភាគីចម្រុះអន្តរជាតិ ដើម្បីវាយតម្លៃស្ថានភាពយោធា កម្រិតនៃការគំរាមកំហែងដែលបង្កឡើងដោយក្រុមរដ្ឋអ៊ីស្លាម (IS) បន្ថែមពីលើសមត្ថភាពរបស់កងកម្លាំងអ៊ីរ៉ាក់។

លោករ៉ាស៊ូល បានថ្លែងថា ដោយផ្អែកលើកិច្ចប្រជុំទាំងនេះ កាលវិភាគមួយ នឹងត្រូវបានកំណត់សម្រាប់ការកាត់បន្ថយបន្តិចម្តងៗនៃទីប្រឹក្សាចម្រុះអន្តរជាតិ នៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលនាំទៅដល់ការបញ្ចប់បេសកកម្មចម្រុះ ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមIS និងការផ្លាស់ប្តូរទៅកាន់ទំនាក់ទំនងទ្វេភាគីរបស់អ៊ីរ៉ាក់ជាមួយបណ្តាប្រទេសចម្រុះ។
លោកបានបន្ថែមថា កិច្ចប្រជុំជាមួយក្រុមចម្រុះអន្តរជាតិ នឹងធ្វើឡើងជាទៀងទាត់ ដើម្បីបញ្ចប់ការងាររបស់គណៈកម្មការឲ្យបានលឿនតាមដែលអាចធ្វើទៅបាន ដរាបណាមិនមានអ្វីរំខានដល់កិច្ចប្រជុំនោះទេ។
កាលពីថ្ងៃទី ២៥ ខែមករា ក្រសួងការបរទេសអ៊ីរ៉ាក់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ីរ៉ាក់បានយល់ព្រមជាមួយសហរដ្ឋអាមេរិក ដើម្បីបង្កើត គណៈកម្មការយោធាជាន់ខ្ពស់ (HMC) ដើម្បីបញ្ចប់បេសកកម្មចម្រុះអន្តរជាតិនៅអ៊ីរ៉ាក់ និងផ្លាស់ប្តូរទំនាក់ទំនងរបស់ពួកគេទៅកាន់ទំនាក់ទំនងទ្វេភាគីដ៏ទូលំទូលាយជាមួយបណ្តាប្រទេសចម្រុះទៅលើផ្នែកនយោបាយ សេដ្ឋកិច្ច វប្បធម៌ សន្តិសុខ និងយោធាច្រើនកម្រិត។