ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃចន្ទ (១២ កុម្ភៈ) នេះថាប្រទេសកូរ៉េខាងជើង បានបង្កើតដោយជោគជ័យនូវប្រព័ន្ធគ្រប់គ្រងមីស៊ីលបាលិស្ទិកថ្មីមួយសម្រាប់ការបាញ់រ៉ូកែតជាច្រើនគ្រាប់ រួមជាមួយនឹងគ្រាប់ផ្លោងដែលអាចគ្រប់គ្រងបាន។

ប្រព័ន្ធផ្សព្វផ្សាយ KCNA បាននិយាយថា បណ្ឌិត្យសភាវិទ្យាសាស្ត្រការពារជាតិ ដែលគ្រប់គ្រងការអភិវឌ្ឍន៍មីស៊ីលរបស់ប្រទេសនេះ បានធ្វើតេស្ដសាកល្បង «ការគ្រប់គ្រងបាលិស្ទិក» ក្នុងការបាញ់គ្រាប់រ៉ូកែតជាច្រើនគ្រាប់ដែលអាចគ្រប់គ្រងបាន ទំហំ ២៤០ មីលីម៉ែត្រ កាលពីថ្ងៃអាទិត្យ (១១ កុម្ភៈ)។

សារព័ត៌មាន KCNA បានបន្ថែមថា តម្លៃយុទ្ធសាស្ត្រនៃគ្រាប់រ៉ូកែតច្រើនគ្រាប់ទំហំ ២៤០ មីលីម៉ែត្រ នេះនឹងត្រូវបាន «វាយតម្លៃឡើងវិញ» ហើយតួនាទីរបស់វានៅក្នុងសមរភូមិក៏នឹងកើនឡើងផងដែរ ដោយសារ «ការកែលម្អបច្ចេកទេសយ៉ាងឆាប់រហ័ស»។
ការធ្វើតេស្ដបាញ់បង្ហោះកាលពីថ្ងៃអាទិត្យ នេះបានកើតឡើងស្របពេលដែលការសាកល្បងមីស៊ីលជាច្រើនដោយប្រទេសកូរ៉េខាងជើង ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ និងការបង្កើនទំនាក់ទំនងរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ ដោយនោះជាទង្វើមួយដែលត្រូវបានរិះគន់ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនថាជាការកើនឡើងភាពតានតឹងនៅក្នុងឧបទ្វីបកូរ៉េ៕