មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បាននិយាយកាលពីថ្ងៃអាទិត្យ (១១ កុម្ភៈ) ថាសេដ្ឋកិច្ចនៅមជ្ឈិមបូព៌ាកំពុងយឺតយ៉ាវទាបជាងការព្យាករណ៍កំណើនដោយសារតែការកាត់បន្ថយផលិតកម្មប្រេង និងជម្លោះអ៊ីស្រាអែល-ហ្កាហ្សា ទោះបីជាចក្ខុវិស័យសេដ្ឋកិច្ចពិភពលោកនៅតែមានភាពធន់ក៏ដោយ។

នាយកគ្រប់គ្រងមូលនិធិ IMF លោកស្រី គ្រីស្តាលីណា ចចជីវ៉ា (Kristalina Georgieva) បានប្រាប់វេទិកាសារពើពន្ធអារ៉ាប់នៅទីក្រុងឌុយបៃ ថា «ទោះបីជាមានភាពមិនប្រាកដប្រជាក៏ដោយ ក៏សេដ្ឋកិច្ចពិភពលោកមានភាពធន់គួរឱ្យភ្ញាក់ផ្អើល» ខណៈលោកស្រីព្រមានអំពីផលប៉ះពាល់ដ៏ធំទូលាយលើសេដ្ឋកិច្ចក្នុងតំបន់នៃជម្លោះដែលកំពុងបន្តនៅក្នុងតំបន់ហ្កាហ្សា។

នៅក្នុងរបាយការណ៍សេដ្ឋកិច្ចក្នុងតំបន់កាលពីខែមុន ទីភ្នាក់ងារ IMF បានកែប្រែការព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុប GDP របស់ខ្លួនសម្រាប់តំបន់មជ្ឈិមបូព៌ា និងអាហ្រ្វិកខាងជើង ធ្លាក់ចុះមកត្រឹម ២,៩ ភាគរយនៅឆ្នាំនេះ ដែលយឺតជាងការព្យាករណ៍នៅខែតុលា ដោយសារផ្នែកខ្លះនៃការកាត់បន្ថយផលិតកម្មប្រេងរយៈពេលខ្លី និងជម្លោះនៅហ្កាហ្សា។

មូលនិធី IMF នេះកាលពីខែមុន បានបង្កើនការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យកាន់តែខ្ពស់ ដោយធ្វើឱ្យប្រសើរឡើងនូវចក្ខុវិស័យរបស់សហរដ្ឋអាមេរិក និងប្រទេសចិន ហើយបានលើកឡើងពីការបន្ធូរបន្ថយអតិផរណាលឿនជាងការរំពឹងទុក៕