អ៊ីស្រាអែលកំពុងប្រឈមនឹងសម្ពាធក្នុងតំបន់ និងអន្តរជាតិដែលកំពុងកើនឡើងជុំវិញការវាយលុកតាមផែនការរបស់ខ្លួនប្រឆាំងក្រុមហាម៉ាសនៅក្នុងទីក្រុងរ៉ាហ្វា(Rafah)ស្ថិតនៅភាគខាងត្បូងនៃតំបន់ហ្កាហ្សាស្ទ្រីប(Gaza Strip) ដែលហែកហួរដោយសង្រ្គាម។

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បណ្តាប្រទេសក្នុងតំបន់បានព្រមានអ៊ីស្រាអែលប្រឆាំងនឹងការសកម្មភាពមនុស្សធម៌នៅរ៉ាហ្វា បើកងកម្លាំងអ៊ីស្រាអែលទទូចឱ្យអនុវត្តការវាយលុកដោយថ្មើជើងលើ ក្រុងរ៉ាហ្វា ដែលប្រជាជនប៉ាឡេស្ទីនជាង១,៤លាននាក់រស់នៅ រួមទាំងមនុស្ស ១,៣លាននាក់បានភៀសខ្លួនពីតំបន់ភាគខាងជើង។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃសុក្រថា លោកបានដឹកនាំយោធាឱ្យរៀបចំជម្លៀសជនស៊ីវិលចេញពីទីក្រុង Rafah ដ៏ច្រើនលើសលប់ មុនពេលការវាយលុកកាន់តែខ្លាំងឡើងប្រឆាំងនឹងក្រុមហាម៉ាស។
កាតាដែលកំពុងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងការទូតរួមជាមួយសហរដ្ឋអាមេរិក និងអេហ្ស៊ីបដើម្បីជំរុញឱ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សារវាងក្រុមហាម៉ាស និងអ៊ីស្រាអែល ថ្កោលទោសយ៉ាងដាច់អហង្ការបំផុតចំពោះការគំរាមកំហែងរបស់អ៊ីស្រាអែលក្នុងការវាយលុកទីក្រុងរ៉ាហ្វានៅភាគខាងត្បូងហ្កាហ្សាស្ទ្រីប ។

ក្រសួងការបរទេសរបស់ខ្លួនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថាខ្លួនព្រមានពីមហន្តរាយមនុស្សធម៌នៅក្នុងទីក្រុងដែលបានក្លាយជាជម្រកចុងក្រោយសម្រាប់មនុស្សរាប់សែននាក់ក្រោយភៀសខ្លួនចេញពីលំនៅឋាន។
ទាំងអារ៉ាប់រួម (UAE) ទាំងបារ៉ែន ដែលបានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពជាមួយអ៊ីស្រាអែលកាលពីឆ្នាំ ២០២០ ក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងផងដែរ។
អារ៉ាប៊ីសាអ៊ូឌីត បានព្រមានពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ នៃការវាយលុក និងបានដាក់គោលដៅលើទីក្រុងរ៉ាហ្វាដែលរមណីយដ្ឋានចុងក្រោយ សម្រាប់ជនស៊ីវិលរាប់សែននាក់ ដែលបានភៀសខ្លួនចេញពីការវាយប្រហារដ៏ខ្លាំងក្លារបស់អ៊ីស្រាអែល ទៅលើតំបន់ហ្កាហ្សាភាគខាងជើង។ ប្រទេសអេហ្ស៊ីប ហ្ស៊កដានី និងអគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ក៏បានព្រមាន និងរិះគន់ការប្រើកម្លាំងយោធាលើពលរដ្ឋបាឡេស្ទីនស្លូតត្រង់ដែរ៕