ប៉ុស្តិ៍ទូរទស្សន៍ អាកសា (Aqsa) ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានដកស្រង់សម្តីមេដឹកនាំជាន់ខ្ពស់ក្រុមហាម៉ាសម្នាក់ ដែលបាននិយាយកាលពីថ្ងៃអាទិត្យ (១១ កុម្ភៈ) ថាការវាយលុកជើងគោកណាមួយរបស់អ៊ីស្រាអែលនៅក្នុងទីក្រុង រ៉ាហ្វា (Rafah) នៅតាមព្រំដែនហ្កាហ្សា នឹង «បំផ្លាញ» ការចរចាផ្លាស់ប្តូរចំណាប់ថ្នូរ។

ការិយាល័យលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា ខ្លួនបានបញ្ជាឱ្យយោធាបង្កើតផែនការជម្លៀសក្រុង រ៉ាហ្វា និងបំផ្លាញកងវរសេនាតូចហាម៉ាស ចំនួនបួនកង ដែលខ្លួននិយាយថាត្រូវបានដាក់ពង្រាយនៅទីនោះ។

ភាគច្រើននៃជនភៀសខ្លួនបានស្វែងរកទីជម្រកនៅក្រុង រ៉ាហ្វា ជាប់ព្រំដែនជាមួយប្រទេសអេហ្ស៊ីប ប៉ុន្តែបន្ទាប់ពីកិច្ចចរចាបទឈប់បាញ់គ្មានផ្លែផ្កា លោក ណេតាន់យ៉ាហ៊ូ នៅសប្តាហ៍នេះបាននិយាយថា កងកម្លាំងអ៊ីស្រាអែលនឹងប្រយុទ្ធរហូតទទួលបាន «ជ័យជំនះទាំងស្រុង»។

យោធាអ៊ីស្រាអែល បានបញ្ជាឱ្យជនស៊ីវិលភៀសខ្លួនទៅភាគខាងត្បូង មុនពេលការវាយលុកពីមុនលើទីក្រុងហ្កាហ្សា ប៉ុន្តែឥឡូវនេះពួកគេមិនមានកន្លែងដែលត្រូវទៅទៀតទេ ហើយភ្នាក់ងារជំនួយបាននិយាយថាមនុស្សជាច្រើនអាចស្លាប់នៅទីនោះ៕