យោធាអ៊ីស្រាអែលបាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនបានជួយសង្គ្រោះចំណាប់ខ្មាំងពីរនាក់ក្នុងអំឡុងពេលប្រតិបត្តិការពិសេសមួយដែលបានធ្វើឡើងទាំងយប់នៅទីក្រុងរ៉ាហ្វា (Rafah) ភាគខាងត្បូង តំបន់ហ្កាហ្សា ។
ចំណាប់ខ្មាំង ទាំង២នាក់ ម្នាក់ឈ្មោះ ហ្វើណានដូ ស៊ីមុនម៉ាមែន (Fernando Simon Marman) វ័យ៦០ ឆ្នាំ និងម្នាក់ទៀតឈ្មោះ ល្វីស ហា (Louis Har)វ័យ៧០ ឆ្នាំ ដែលទាំងពីរនាក់ត្រូវបានចាប់ខ្លួនកាលពី១២៨ថ្ងៃ មុនក្នុងអំឡុងពេលការវាយប្រហារថ្ងៃទី ៧ ខែតុលារបស់ក្រុមសកម្មប្រយុទ្ធហាម៉ាសចូលក្នុងទីកដឹករបស់ប្រទេសអ៊ីស្រាអែល។
កងកម្លាំងការពារអ៊ីស្រាអែលបាននិយាយថា អ្នកទាំងពីរមានសុខភាពល្អ ហើយត្រូវបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ សេបា (Sheba) នៅតំបន់តេល ហាសូម័រ(Tel HaShomer)ប្រទេសអ៊ីស្រាអែល។ប្រតិបត្តិការរួមនេះត្រូវបានធ្វើឡើងជាមួយទីភ្នាក់ងារសន្តិសុខអ៊ីស្រាអែល និងនគរបាលអ៊ីស្រាអែល។
ដំណឹងនៃការរំដោះបាននេះកើតឡើង ខណៈក្រុងរ៉ាហ្វា ត្រូវបានរងការវាយប្រហារដោយអ៊ីស្រាអែល។ សង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន (PRCS) បាននិយាយនៅថ្ងៃចន្ទនេះថា មនុស្សជាង៦០នាក់បានស្លាប់ដោយសារតែការវាយប្រហារតាមអាកាសនាពេលថ្មីៗនេះ ហើយថាទីក្រុងនេះ កំពុងក្លាយជាគោលដៅធំបំផុត របស់កងកម្លាំងអ៊ីស្រាអែល។
ទូរទស្សន៍ CNN មិនអាចផ្ទៀងផ្ទាត់ចំនួននេះ ដោយឯករាជ្យបានទេ។
សាលាក្រុង រ៉ាហ្វា បាននិយាយនៅថ្ងៃចន្ទនេះថា យ៉ាងហោចណាស់វិហារអ៊ីស្លាមចំនួនពីរ និងផ្ទះនៅជុំវិញ រាប់សិបខ្នង ត្រូវបានគេដាក់គោលដៅនៅក្នុងការវាយប្រហារនេះ៕

