ទូរទស្សន៍លីបង់ អាល់ម៉ាណា (al-Manar) បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក ហូហេន អាមឺ អាបឌុលឡាអៀន (Hossein Amir-Abdollahian) បាននិយាយកាលពីថ្ងៃសៅរ៍ (១០ កុម្ភៈ) ថាប្រទេសអ៊ីរ៉ង់ មិនចង់មើលឃើញការពង្រីកសង្រ្គាមនៅក្នុងតំបន់នោះទេ។

លោកបាននិយាយក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីលីបង់ លោក អាបឌុលឡា ប៊ូហាប៊ីប (Abdallah Bou Habib) ក្នុងទីក្រុងបេរ៉ូត ថា «អ៊ីរ៉ង់ និងលីបង់ បញ្ជាក់ថាសង្រ្គាមមិនមែនជាដំណោះស្រាយទេ ហើយយើងក៏មិនដែលចង់ពង្រីកវិសាលភាពនៃសង្គ្រាមដែរ»។

ប្រមុខអ្នកការទូតអ៊ីរ៉ង់រូបនេះក៏បានអំពាវនាវឱ្យសហរដ្ឋអាមេរិក ដាក់សម្ពាធលើអ៊ីស្រាអែល ឱ្យបញ្ឈប់ការវាយប្រហារលើតំបន់ហ្កាហ្សា និងតំបន់វេស បែង (West Bank)។
យោងតាមសេចក្តីថ្លែងការណ៍ចេញផ្សាយដោយក្រុមប្រឹក្សារដ្ឋមន្ត្រីរបស់ប្រទេសលីបង់ បានឲ្យដឹងថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំរបស់លោកជាមួយនាយករដ្ឋមន្ត្រីលីបង់ ណាជីប មីខាទី (Najib Mikati) នៅព្រឹកថ្ងៃនោះ លោក អាមឺ អាបឌុលឡាអៀន បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីបញ្ឈប់ការឈ្លានពានរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា និងឈានដល់ដំណោះស្រាយសម្រាប់ប្រទេសទាំងអស់នៅក្នុងតំបន់៕
