ក្រុម Debate ឆន្ទៈ ជាក្រុមយុវជនដែលបានបង្កើតឱ្យមានកម្មវិធីប្រកួតប្រជែងជជែកដេញដោល នៅតាមសាលារៀន។ បច្ចុប្បន្នក្រុមយុវជននេះ បានបង្កើតកម្មវិធីជជែកដេញដោលនៅតាមសាលារៀនមួយចំនួនរួចហើយ នៅរាជធានីភ្នំពេញ ក្នុងនោះរួមមានទាំងសាលារៀនរដ្ឋ និងសាលារៀនឯកជន។
ឈានចូលមកដល់ឆ្នាំ២០២៤នេះ ក្រុម Debate ឆន្ទៈ បានបង្កើតឱ្យមានកម្មវិធីប្រកួតប្រជែងដេញដោល សម្រាប់សិស្សប្រកួតប្រជែង នៅសាលារៀនមួយចំនួន។ ជាក់ស្ដែងសម្រាប់ឆ្នាំសិក្សាថ្មី ២០២៣-២០២៤នេះ ពួកគេបានបង្កើតឱ្យមានកម្មវិធីជជែកដេញដោល រដូវកាលទី ១ សម្រាប់សិស្សនៅ វិទ្យាល័យទួលអំពិល ក្នុងការប្រកួតប្រជែងផងដែរ។
យុវតី លាភ សុវណ្ណាភួង អ្នកសម្របសម្រួលកម្មវិធីជជែកដេញដោលនៅវិទ្យាល័យទួលអំពិលលើកឡើងថា ការជជែកដេញដោលនេះគឺចាប់ផ្ដើមពីការស្ម័គ្រចិត្តរបស់សិស្ស ក្រោយពីមានការផ្សព្វផ្សាយព័ត៌មានជូនពួកគាត់។ ក្រោយការផ្សព្វពួកគេបានចុះឈ្មោះ ទទួលការបណ្ដុះបណ្ដាលបន្ថែមពី ការជជែកដេញដោល មុននឹងឈានដល់ការប្រកួតប្រជែងចាប់ផ្ដើម។ ចំពោះគោលដៅសំខាន់ នៃការការរៀបចំកម្មវិធីជជែកដេញដោលកម្រិតសាលារៀននេះ គឺបានជំរុញឱ្យសិស្សសិក្សាស្រាវជ្រាវឱ្យកាន់តែខ្លាំង និងផ្ដល់ជាឱកាសដំបូងសម្រាប់ពួកគេបញ្ចេញសមត្ថភាព។
បច្ចុប្បន្នសម្រាប់វិទ្យាល័យទួលអំពិល បានធ្វើការប្រកួតប្រជែង២ជុំរួចមកហើយ។ ចំពោះប្រធានបទ និងគណៈកម្មការដាក់ពិន្ទុ គឺរៀបចំឡើងដោយយុវជន ក្រុម Debate ឆន្ទៈ ដែលពួកគេមានបទពិសោធន៍ក្នុងការប្រកួតប្រជែងដេញដោល។ សម្រាប់បេក្ខជនដែលចូលរួមក្នុងការប្រកួតប្រជែងវិញលើកឡើងថា ពួកគេសិក្សា និងទទួលបានភាពចំណេញច្រើនពីការចូលរួមកម្មវិធីនេះ។ ពួកគេសប្បាយចិត្ត ដែលបង្កើតឱ្យមានកម្មវិធីនេះឡើង ទោះបីជាការប្រកួតប្រជែងត្រឹមកម្រិតសាលារៀនក្ដី។
សូមជម្រាបថា យុវជនក្រុម Debate ឆន្ទៈ បច្ចុប្បន្នបានបង្កើតឱ្យមានកម្មវិធីជជែកដេញដោលនេះ នៅសាលាវិទ្យាល័យជាស៊ីមសាមគ្គី នៅវិទ្យាល័យទួលអំពិល និងសាលារៀនឯកជនមួយកន្លែងផងដែរ។ ពាក់ព័ន្ធនឹងការប្រកួតប្រជែងដេញដោលនេះ បច្ចុប្បន្នក្រសួងអប់រំ យុវជន និងកីឡា ក៏មានការរៀបចំការប្រកួតថ្នាក់ជាតិជារៀងរាល់ឆ្នាំផងដែរ។ សិស្សជាពូកែត្រូវបានជ្រើសរើសពីកម្រិតសាលារៀន តាមបណ្ដាស្រុកខណ្ឌ រាជធានី-ខេត្ត ដើម្បីប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅរាជធានីភ្នំពេញផងដែរ៕ អត្ថបទ៖ គឹម ហុក