ចំនួនអ្នកស្លាប់ ស្របពេលមានការតវ៉ានៅក្នុងប្រទេសសេណេហ្គាល់ ជុំវិញការពន្យារពេលការបោះឆ្នោតប្រធានាធិបតី រហូតដល់ខែធ្នូ បានកើនឡើងដល់ ៣នាក់ ខណៈដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ប្រទេសលទ្ធិប្រជាធិបតេយ្យមួយក្នុងចំណោមមលទ្ធិប្រជាធិបតេយ្យដែលនៅសេសសល់ក្នុងអាហ្រ្វិកខាងលិចដែលប៉ះពាល់ដោយរដ្ឋប្រហារ កំពុងរងការគំរាមកំហែង។

ការប្រកាសពន្យារពេលត្រឹមតែបីសប្តាហ៍មុនការបោះឆ្នោតថ្ងៃទី២៥ ខែកុម្ភៈ ដែលបានគ្រោងទុក បានបង្កឱ្យមានការប៉ះទង្គិចគ្នាដោយហិង្សាកាលពីថ្ងៃសុក្រ រវាងក្រុមបាតុករ និងនគរបាលក្នុងទីក្រុងដាកា និងទីក្រុងមួយចំនួនទៀតនៅក្នុងរលកនៃភាពចលាចល ដែលមនុស្សជាច្រើនភ័យខ្លាចនឹងរាលដាលចូលទៅក្នុងអស្ថិរភាពយូរអង្វែង។

លោកប្រធានាធិបតី មែកឃី សាល (Macky Sall) បាននិយាយថា ការពន្យារពេលនេះគឺចាំបាច់ ដោយសារតែជម្លោះការបោះឆ្នោតបានគំរាមកំហែងដល់ភាពជឿជាក់នៃការស្ទង់មតិ ប៉ុន្តែសមាជិកសភាបក្សប្រឆាំងមួយចំនួនបានរិះគន់ទង្វើនេះថាជា «រដ្ឋប្រហារតាមស្ថាប័ន»។
នៅពេលដែលការតវ៉ាជាសាធារណៈកើនឡើងខ្លាំង ប្លុកតំបន់អាហ្វ្រិកខាងលិច ECOWAS និងមហាអំណាចបរទេសបានជំរុញឱ្យលោកប្រធានាធិបតី សាល ដាក់ប្រទេសឲ្យដំណើរការបោះឆ្នោតជាទៀងទាត់ឡើងវិញ៕