អង្គការសុខភាពពិភពលោក (WHO) បានផ្តល់ការផ្គត់ផ្គង់ដល់អ្នករងរបួស មានថ្នាំពេទ្យ និងវ៉ាក់សាំងដល់មន្ទីរពេទ្យ Al Aqsa នៅតំបន់ហ្កាហ្សាភាគកណ្តាល ជាលើកដំបូងក្នុងរយៈពេលជិតមួយខែមកនេះ។

អង្គការសុខភាពពិភពលោក បាននិយាយថា មន្ទីរពេទ្យមានគ្រែចំនួន២៧០គ្រែ ដែលបច្ចុប្បន្នផ្ទុកអ្នកជំងឺ រហូតដល់៤០០នាក់ និងមនុស្សជាង ៥.០០០នាក់កំពុងស្វែងរកទីជម្រកនៅទីនេះ ដោយមួយភាគបីនៃអ្នកជំងឺដែលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិនអាចចាកចេញពីមន្ទីរពេទ្យបាន ដោយសារតែខ្វះកន្លែងសុវត្ថិភាពត្រូវទៅ។

មន្ទីរពេទ្យ Al Aqsa បានស្តារឲ្យមានដំណើរការឡើងវិញជាបណ្តើរៗ ដោយបន្ថែមវេជ្ជបណ្ឌិតដែលមានតែ ៥ នាក់កាលពីខែមករា រហូតដល់មានគ្រូពេទ្យប្រមាណ ៣០០នាក់ និងគិលានុបដ្ឋាយិកា ៤០០ នាក់ ប៉ុន្តែអង្គការសុខភាពពិភពលោក បាននិយាយថាមន្ទីរពេទ្យនៅតែមានតម្រូវការច្រើនក្នុងការផ្គត់ផ្គង់ និងការសម្របសម្រួល សម្រាប់ការផ្ទេរអ្នកជំងឺនៅខាងក្រៅតំបន់ហ្កាហ្សា។

អាជ្ញាធរសុខាភិបាលនៅតំបន់ហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានប៉ាន់ប្រមាណថា ពលរដ្ឋប៉ាឡេស្ទីនប្រហែល ២៨.០០០នាក់ ភាគច្រើនជាជនស៊ីវិល ត្រូវបានសម្លាប់នៅក្នុងតំបន់នេះ ចាប់តាំងពីជម្លោះចាប់ផ្តើមនៅក្នុងខែតុលា។