បារាំង៖ បុគ្គលិកព្រលានយន្តហោះទីក្រុងប៉ារីសប្រទេសបារាំង បានតវ៉ាចំពោះការកាត់ប្រាក់ខែ ដោយបានបិទចំណតដែលមមាញឹកនៅអាកាសយានដ្ឋាន Charles de Gaulle កាលពីថ្ងៃសុក្រ និងបានប៉ះទង្គិចជាមួយនគរបាល ដែលបណ្ដាលឱ្យមានការពន្យារពេលជើងហោះហើរ និងធ្វើឲ្យមានភាពច្របូកច្របល់ និងភាពវឹកវរសម្រាប់អ្នកដំណើរ។

នគរបាលបង្ក្រាបកុប្បកម្មដែលមានមួកសុវត្ថិភាព និងខែលការពារខ្លួនបានបាញ់ម្សៅម្រេច ដើម្បីព្យាយាមបំបែកក្រុមអ្នកតវ៉ានៅស្ថានីយ ដែលត្រូវបានប្រើជាសំខាន់សម្រាប់ការធ្វើដំណើរអន្តរជាតិ។ សកម្មជនសហជីពពីរបីរយនាក់បានវាយស្គរ ដោយបានរារាំងតំបន់ត្រួតពិនិត្យលិខិតឆ្លងដែនរបស់ស្ថានីយ ដែលបានធ្វើឲ្យអ្នកដំណើររាប់រយនាក់ជាប់គាំង។ សហជីពបាននឹងកំពុងចរចាជាមួយអ្នកគ្រប់គ្រង អាកាសយានដ្ឋានទីក្រុងប៉ារីសលើការកាត់ប្រាក់ខែ ដែលទាក់ទងទៅនឹងការធ្លាក់ចុះនៃការធ្វើដំណើរតាមអាកាស ក្នុងពេលមានការរីករាលដាលនៃជំងឺរាតត្បាត Covid-19។
អ្នកគ្រប់គ្រងបណ្ដាញអាកាសយានដ្ឋានក្រុងប៉ារីសបាននិយាយថា ប្រាក់ចំណូលបានធ្លាក់ចុះ ៨០% ក្នុងឆ្នាំ២០២០ ហើយក្រុមហ៊ុនកំពុងព្យាយាមចៀសវាង ការរំសាយការងារដោយកាត់ប្រាក់ខែជំនួសវិញ។ សហជីពបានប្រកាសធ្វើកូដកម្ម និងបាតុកម្មរហូតដល់ថ្ងៃចន្ទ ខណៈគ្រួសារជនជាតិបារាំងជាច្រើន ធ្វើដំណើរចាកចេញនៅថ្ងៃឈប់សម្រាករដូវក្តៅ៕
អត្ថបទ៖ ប៊ុនថន