នៅក្នុងជំរុំជនភៀសខ្លួននៅតំបន់ West Bank ដែលគ្រប់គ្រងដោយអ៊ីស្រាអែល ប្រជាជនប៉ាឡេស្ទីនដែលពឹងផ្អែកលើទីភ្នាក់ងារអង្គការសហប្រជាជាតិ UNRWA សម្រាប់ការអប់រំ និងការថែទាំសុខភាព ព្រួយបារម្ភថា សេវាសំខាន់ៗនឹងបញ្ឈប់ដោយសារម្ចាស់ជំនួយបានផ្អាកការផ្តល់មូលនិធិ ជុំវិញការចោទប្រកាន់សមាជិកបុគ្គលិកថាបានចូលរួមក្នុងការវាយប្រហារថ្ងៃទី ៧ ខែតុលា ជាមួយក្រុមហាម៉ាស។

ការផ្តោតសំខាន់ភាគច្រើនគឺទៅលើជោគវាសនារបស់ទីភ្នាក់ងារជំនួយនិងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន គឺនៅលើប្រតិបត្តិការសង្គ្រោះបន្ទាន់របស់ទីភ្នាក់ងារនេះនៅក្នុងតំបន់ហ្កាហ្សា ដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាម ជាកន្លែងមានសារៈសំខាន់ចំពោះកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយសម្រាប់ប្រជាជនចំនួន ២,៣ លាននាក់ នៅក្នុងតំបន់ហ៊ុមព័ទ្ធនេះ។

ប៉ុន្តែទីភ្នាក់ងារ ក៏ជាជីវិតរស់រានសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅទូទាំងតំបន់មជ្ឈឹមបូព៌ាផងដែរ រួមទាំងនៅតំបន់ West Bank ដែលទីភ្នាក់ងារបម្រើមនុស្សជាង ៨៧០.០០០នាក់ បម្រើដល់សាលារៀនចំនួន៩៦កន្លែង និងមណ្ឌលថែទាំសុខភាពបឋមចំនួន៤៣កន្លែង។
លោក ម៉ូហាម៉េដ អាល់ ម៉ាស្រ៊ី(Mohammad al-Masri) ពលរដ្ឋនៅជំរំជនភៀសខ្លួន ដេសេ(Dheisheh) បាននិយាយថា ប្រសិនបើពួកគេកាត់ផ្តាច់ជំនួយពីទីភ្នាក់ងារ UNRWA នោះនឹងគ្មានជំនួយណាមួយឡើយសម្រាប់ប្រជាជន ជាពិសេសនៅក្នុងជំរំជនភៀសខ្លួន ដោយសារតែពួកគេពឹងផ្អែកលើទីភ្នាក់ងារ UNRWA។
ទីភ្នាក់ងារ UNRWA បានប្រកាសកាលពីខែមុនថា ខ្លួនបានបណ្តេញបុគ្គលិកមួយចំនួន បន្ទាប់ពីអ៊ីស្រាអែល ចោទប្រកាន់បុគ្គលិក ១២នាក់ ក្នុងចំណោមបុគ្គលិក១៣.០០០នាក់របស់ខ្លួននៅហ្កាហ្សាថាបានចូលរួមក្នុងការវាយប្រហារនៅអ៊ីស្រាអែល។