អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា រយៈពេល៣ថ្ងៃនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ បានប្រព្រឹត្តទៅតាមគោលការណ៍កំណត់ និងក្រមសីលធម៌។
ឯកឧត្តម ម៉ុក ដារ៉ា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប បានប្រាប់ BTV ឲ្យដឹងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ថា ក្នុងដំណើរការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលមានគណបក្សនយោបាយចំនួន៤ធ្វើសកម្មភាពឃោសនារកសំឡេងឆ្នោតនោះ គឺគណបក្សនយោបាយទាំងអស់បានអនុវត្តទៅតាមការកំណត់ ក៏ដូចជាការស្នើសុំទៅកាន់គណៈកម្មការរៀបចំការបោះឆ្នោតរាជធានី-ខេត្តនីមួយៗ។ ឯកឧត្តម បន្តថា ការរៀបចំយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយមានភាពចាស់ទុំ និងគោរពគោលការណ៍ច្បាប់ បទបញ្ជា នីតិវិធី និងមានសីលធម៌។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា តាមរយៈសកម្មភាពខាងលើ គ.ជ.ប វាយតម្លៃថា គណបក្សនយោបាយបានធ្វើការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥នេះ ដោយការគោរពគ្នាទៅវិញទៅមក និងរក្សាផលប្រយោជន៍ជាតិជាធំ។
ទន្ទឹមនឹងដំណើរការឃោសនាបោះឆ្នោតនេះ អ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងទៀតថា គ.ជ.ប បានដំណើរការព្រមគ្នាស្តីពីការផ្សព្វផ្សាយកម្មវិធីស្មើភាព ដែលកម្មវិធីនេះអនុញ្ញាតឱ្យគណបក្សនយោបាយទាំងអស់លើកយកកម្មវិធីគោលនយោបាយ ក្នុងការបញ្ចេញមតិលើផ្នត់គំនិតនៃគោលនយោបាយរបស់ខ្លួន តាមរយៈការចាក់ផ្សាយលើទូរទស្សន៍ និងវិទ្យុជាតិ ដោយមានរយៈពេល ១៤ថ្ងៃ សម្រាប់អង្គបោះឆ្នោត និងប្រជាពលរដ្ឋស្វែងយល់។
បើតាម គ.ជ.ប យុទ្ធនាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ បានកំណត់ការហែក្បួនធំមានតែ២ដងប៉ុណ្ណោះ ខណៈយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាក្នុងនីតិកាលទី៥នេះ ត្រូវបាន គ.ជ.ប កែសម្រួលហើយកំណត់ថា ទោះបីការឃោសនារបស់គណបក្សនយោបាយដោយមធ្យោបាយថ្មើរជើង និងមានមនុស្សចាប់ពី២០នាក់ឡើងរាប់ក៏បញ្ជូលថាជាការហែក្បួនធំម្តងដូចគ្នា។
សេចក្តីអំពាវនាវរបស់ គ.ជ.ប កាលពីថ្មីៗនេះ បានណែនាំឱ្យគណបក្សនយោបាយចំនួន ៤ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ក៏ដូចជាសេចក្តីណែនាំស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក។
សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាខាងមុខនឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានអង្គបោះឆ្នោតសរុបចំនួន ១១,៧៤៧ នាក់ ក្នុងនោះអ្នកតំណាងរាស្ត្រក្នុងតំណែងមានចំនួន ១២៥ នាក់ និងក្រុមប្រឹក្សាឃុំ-សង្កាត់នៅទូទាំងប្រទេសចំនួន ១១,៦២២ នាក់ ខណៈគណបក្សនយោបាយចំនួន ៤ ដែលចូលរួមប្រកួតប្រជែងរួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ៕ អត្ថបទ សេក ឧត្តម
