យោងតាមសាក្សី និងគរបាលក្នុងតំបន់បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់ និង២០នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកកាលពីថ្ងៃអាទិត្យនៅក្នុងតំបន់ អង់ក្លូហ្វូន(Anglophone) ភាគពាយព្យប្រទេសកាមេរូន ។

ការបំផ្ទុះ បានកើតឡើងនៅទីក្រុងកាំបេ(Nkambe) ជាទីប្រជុំជនក្នុងតំបន់ ខណៈកុមារសិស្សសាលាកំពុងចូលរួមក្នុងសកម្មភាពប្រារព្ធទិវាយុវជនជាតិ ដែលបានប្រារព្ធឡើងនៅក្នុងប្រទេសកាលពីថ្ងៃទី ១១ ខែកុម្ភៈ។ អ្នកដែលទទួលរងផលប៉ះពាល់ភាគច្រើន គឺជាកុមារសិស្សសាលា។

ប្រភពសន្តិសុខក្នុងតំបន់បានប្រាប់សារព័ត៌មានស៊ីនហួថា បុគ្គលិកសុខាភិបាលកំពុងធ្វើការយ៉ាងប្រឹងប្រែង ដើម្បីព្យាបាលកុមារច្រើននាក់ដែលបានរងរបួសធ្ងន់។
ប្រភពព័ត៌មានបាននិយាយថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើង។ វាជាស្ថានភាពដ៏គួរឱ្យព្រួយបារម្ភ ប៉ុន្តែទាហានដ៏ក្លាហាន បានបង្កើនសន្តិសុខដើម្បីតាមដានក្រុមភេរវករ ដែលបានប្រព្រឹត្តសកម្មភាពដ៏គួរស្អប់ខ្ពើមនេះ។
ក្រុមអ្នកផ្តាច់ខ្លួន បានដាក់ការបិទខ្ទប់រយៈពេលបីថ្ងៃដើម្បីរំខានដល់សកម្មភាពនានានៅក្នុងតំបន់ជាកន្លែងដែលពួកគេមានការប៉ះទង្គិចជាមួយកងកម្លាំងរដ្ឋាភិបាលចាប់តាំងពីឆ្នាំ ២០១៧ មក ក្នុងគោលបំណងដើម្បីបង្កើតរដ្ឋឯករាជ្យមួយ។