នាយករដ្ឋមន្ត្រីអាមេនី លោក នីកូល ប៉ាស៊ីនយ៉ាន (Nikol Pashinyan) បានថ្លែងនៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យថា ប្រទេសរបស់លោក មិនមែនជាសម្ព័ន្ធមិត្តរបស់រុស្ស៊ីក្នុង សង្គ្រាមប្រឆាំងនឹងអ៊ុយក្រែននោះទេ ប៉ុន្តែបានសង្កត់ធ្ងន់លើគម្រោងកិច្ចសហប្រតិបត្តិការយោធារបស់ខ្លួនមិនសំដៅប្រឆាំងនឹងប្រទេសណាមួយឡើយ។

លោកក៏បាននិយាយផងដែរថា លោកសង្ឃឹមថា អ្នកជិតខាង និងជាគូប្រជែងដ៏យូរអង្វែងរបស់អាមេនី គឺ អាស៊ែរបៃហ្សង់ នៅតែប្តេជ្ញាចិត្តក្នុងការបញ្ចប់សន្ធិសញ្ញាសន្តិភាពយូរអង្វែង បើទោះបីជាមានសេចក្តីថ្លែងការណ៍ដោយប្រធានាធិបតីរបស់ខ្លួនអំពីការបោះបង្គោលព្រំដែនក៏ដោយ។

ប្រទេសអាមេនី និងអាស៊ែរបៃហ្សង់ បានប្រយុទ្ធគ្នាក្នុងសង្គ្រាមធំពីរ ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកលើទឹកដីជម្លោះ ណាហ្គ័រណូ-ការ៉ាបាក់ (Nagorno-Karabakh)។ តំបន់នេះ ត្រូវបានទទួលស្គាល់ជាយូរមកហើយថា ជាផ្នែកមួយរបស់អាស៊ែរបៃហ្សង់ និងកងទ័ពអាស៊ែរបៃហ្សង់ទទួលបានការគ្រប់គ្រងពេញលេញលើវា កាលពីខែកញ្ញាឆ្នាំមុន។
លោកប៉ាស៊ីនយ៉ាន បាននិយាយនៅក្នុងប៉ុន្មានខែថ្មីៗនេះថា អាមេនី មិនអាចពឹងផ្អែកលើរុស្ស៊ីទៀតទេ ដើម្បីធានាតម្រូវការការពារជាតិរបស់ខ្លួន ខណៈដែលប្រទេសរបស់លោក មិនបានធានាបាននូវជំនួយដែលខ្លួនត្រូវការពីទីក្រុងមូស្គូ។
នៅក្នុងសុន្ទរកថារបស់ខ្លួនទៅកាន់សារព័ត៌មាន Daily Telegraph របស់ចក្រភពអង់គ្លេស លោក ប៉ាស៊ីនយ៉ាន បាននិយាយថា ខ្លួនបាននិយាយតាំងពីដើមដំបូងនៃការលុកលុយរបស់រុស្ស៊ីនៅខែកុម្ភៈ ឆ្នាំ ២០២២ លើអ៊ុយក្រែនថា ខ្លួនមិនអាចឈរជាមួយទីក្រុងមូស្គូ ជាសម្ព័ន្ធមិត្តបានទេ។
លោកបានប្រាប់កាសែតប្រចាំថ្ងៃថា៖«ខ្ញុំបាននិយាយថា នៅក្នុងស្ថានភាពអ៊ុយក្រែន យើងមិនមែនជាសម្ព័ន្ធមិត្តរបស់រុស្ស៊ីទេ»។