រដ្ឋាភិបាលនៅជុំវិញពិភពលោក បានសម្តែងការព្រួយបារម្ភ ចំពោះផែនការរបស់យោធាអ៊ីស្រាអែល ក្នុងការធ្វើប្រតិបត្តិការជើងគោកនៅទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្កាហ្សា។

សេតវិមាន បានប្រកាសកាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ។ សេតវិមាន និយាយថាលោក Biden បានបញ្ជាក់ជាថ្មីនូវទស្សនៈរបស់លោកថា ប្រតិបត្តិការនៅទីក្រុង រ៉ាហ្វា(Rafah) មិនគួរធ្វើឡើងដោយគ្មានផែនការដែលអាចទុកចិត្តបាន និងអាចធ្វើប្រតិបត្តិការទៅបានសម្រាប់ការធានាសុវត្ថិភាព និងការគាំទ្រដល់ប្រជាជនជាងមួយលាននាក់ដែលជ្រកកោននៅទីនោះ។

ក្រសួងការបរទេសបារាំង កាលពីថ្ងៃអាទិត្យ បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ការវាយលុកទ្រង់ទ្រាយធំរបស់អ៊ីស្រាអែល នៅទីក្រុងរ៉ាហ្វា នឹងបង្កើតស្ថានភាពមនុស្សធម៌ដ៏មហន្តរាយ។ អ្នកនាំពាក្យក្រសួងការបរទេសអេហ្ស៊ីប ដែលដើរតួជាអ្នកសម្របសម្រួលសម្រាប់ការចរចារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ក៏បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យផងដែរ។
ក្រសួង បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិនិងតំបន់រួមគ្នា ដើម្បីទប់ស្កាត់ការដាក់គោលដៅទៅលើទីក្រុង Rafah ដែលបច្ចុប្បន្ន បានផ្តល់ទីជម្រកដល់ប្រជាជនភៀសខ្លួនប៉ាឡេស្ទីនប្រហែល ១,៤ លាននាក់។
លោក Netanyahu បានបញ្ជាក់លើតម្រូវការសម្រាប់ការវាយប្រហារខ្លាំងទៅលើទីក្រុង Rafah ជាកន្លែងដែលអ៊ីស្រាអែល និយាយថា ជាទីតាំងរឹងមាំរបស់ក្រុមហាម៉ាស។ លោកបាននិយាយថា កងកម្លាំងអ៊ីស្រាអែល មិនចូលទៅក្នុងទីក្រុង Rafah គឺនិយាយជាមូលដ្ឋានថា «ចាញ់សង្រ្គាម»។
សមាជិកជាន់ខ្ពស់របស់ក្រុមហាម៉ាសម្នាក់ បានព្រមានថា ការដោះលែងចំណាប់ថ្នូរ នឹងមិនអាចចរចារបានឡើយ ប្រសិនបើការវាយប្រហារលើទីក្រុងរ៉ាហ្វាកាន់តែខ្លាំង។ នៅថ្ងៃចន្ទនេះ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើទីក្រុង Rafah បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៧នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស។