សារព័ត៌មាន TASS បានរាយការណ៍កាលពីថ្ងៃអាទិត្យ (១១ កុម្ភៈ) ថាការចុះឈ្មោះបេក្ខជនរបស់រុស្ស៊ី សម្រាប់ការបោះឆ្នោតប្រធានាធិបតីខែមីនា បានបិទ ជាមួយនឹងបញ្ជីឈ្មោះរួមមានលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដែលរំពឹងថានឹងទទួលជ័យជម្នះ និងអ្នកនយោបាយបីរូបដែលគាំទ្រសង្គ្រាមទីក្រុងមូស្គូ នៅអ៊ុយក្រែន។

បញ្ជីនេះមិនរាប់បញ្ចូលបេក្ខភាពប្រឆាំងសង្រ្គាមរុស្ស៊ី លោក បូរីស ណាដេសឌីន (Boris Nadezhdin) ទេ បន្ទាប់ពីគណៈកម្មាធិការរៀបចំការបោះឆ្នោតកណ្តាល (CEC) បានរារាំងលោកពីការឈរឈ្មោះកាលពីថ្ងៃព្រហស្បតិ៍ ដោយនិយាយថាខ្លួនបានរកឃើញកំហុសឆ្គងនៅក្នុងការប្រមូលហត្ថលេខា ដែលត្រូវការសម្រាប់ការគាំទ្របេក្ខភាពរបស់លោក។

កម្មាធិការរៀបចំការបោះឆ្នោត CEC បានចុះឈ្មោះ លោក វ្ល៉ាឌីស្លាវ ដាវ៉ានខូវ (Vladislav Davankov) ដែលជាអនុប្រធានសភារបស់រុស្ស៊ី និងជាសមាជិកនៃគណៈកម្មាធិការប្រជាជនថ្មី លោក លីអូនីត ស្លាត់ស្គី (Leonid Slutsky) មេដឹកនាំគណបក្សប្រជាធិបតេយ្យសេរីនិយម-ជ្រុលនិយម របស់វិមានក្រឹមឡាំង (LDPR) និងអ្នកតែងតាំងរបស់បក្សកុម្មុយនិស្តមួយនេះ លោក នីខូឡៃ ខារីថូនៅ (Nikolai Kharitonov)។

លោក ពូទីន វ័យ ៧១ឆ្នាំ ដែលបានជ្រើសរើសឈរឈ្មោះជាឯករាជ្យជាជាងជាបេក្ខជននៃគណបក្សរួបរួមរុស្ស៊ី ដែលកាន់អំណាច និងជាមេដឹកនាំកំពូលរបស់រុស្ស៊ី តាំងពីឆ្នាំ២០០០ ព្រមទាំងគ្រប់គ្រងគ្រប់ផ្នែកទាំងអស់របស់រដ្ឋ ត្រូវបានគេរំពឹងថានឹងឈ្នះការបោះឆ្នោតនៅខែក្រោយយ៉ាងងាយស្រួល៕