មន្ទីរបញ្ចកោណបានប្រកាសថា រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក ឡយដ៍ អស្ទីន (Lloyd Austin) ត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យជាលើកទីពីរក្នុងរយៈពេលមួយខែ បន្ទាប់ពីការស្នាក់នៅក្នុងមន្ទីរពេទ្យមុននោះ ដែលទាក់ទាញការរិះគន់ចំពោះការខ្វះតម្លាភាព។

មន្ទីរបញ្ចកោណបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ (១១ កុម្ភៈ) ថាលោក អស្ទីន ដែលបានទទួលការព្យាបាលជំងឺមហារីកក្រពេញប្រូស្តាតកាលពីឆ្នាំមុន ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធាជាតិ វលធើ រីដ (Walter Reed) ជុំវិញ «រោគសញ្ញាដែលបង្ហាញពីបញ្ហាប្លោកនោម»។

សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា លោក អស្ទីន វ័យ ៧០ឆ្នាំ «បានផ្ទេរមុខងារ និងភារកិច្ចរបស់ការិយាល័យ» ទៅឱ្យអនុរដ្ឋមន្ត្រីការពារជាតិ លោកស្រី ខាតលីន ហីកស៍ (Kathleen Hicks)។
ការសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់លោក អស្ទីន កើតឡើងបន្ទាប់ពីលោកបានប្រឈមមុខនឹងការរិះគន់ពីសមាជិកសភានៃបក្សទាំងសងខាង សម្រាប់ការខកខានមិនបានបង្ហាញពីការធ្វើរោគវិនិច្ឆ័យជំងឺមហារីករបស់ខ្លួន និងជូនដំណឹងពីការចូលមន្ទីរពេទ្យជាបន្តបន្ទាប់ ទៅកាន់ប្រធានាធិបតី ចូ បៃដិន (Joe Biden) សភា ឬអនុរដ្ឋមន្រ្តីរបស់ខ្លួនអស់រយៈពេលជាច្រើនសប្តាហ៍៕