កំពង់ឆ្នាំង៖ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានអោយដឹងថា ចាប់ពីប្រជាកសិករមានបញ្ហាប្រឈមជាមួយការខ្វះខាតទឹកស្រោចស្រពសូវប្រាំងមក មន្ទីរធនធានទឹកបានជួយជីកប្រឡាយ ស្តារប្រឡាយ និងបូមទឹកសង្គ្រោះស្រូវប្រាំងប្រជាកសិករនៅក្នុងស្រុករលាប្អៀរ និងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានប្រមាណ១១៤២ហិកតាហើយ និងកំពុងជួយបូមរហូតដល់ច្រូតកាត់រួច ក្នុងនោះមន្ទីរធនធានទឹកបានប្រើប្រាស់ម៉ាស៊ីនធំៗរហូតដល់៥គ្រឿងក្នុងស្រុកទាំង២។
លោក ដោក ប៊ុនថុន បានបន្តថា៖ ស្រូវប្រាំងដែលជួបប្រទះនឹងការខ្វះខាតទឹកស្រោចស្រព មាននៅក្នុងភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ សង្គ្រោះស្រូវប្រាំងបាន៤២ហិកតា ក្នុងនោះបានកាយប្រឡាយសង្គ្រោះស្រូវប្រវែង៥៣០ម៉ែត្រ បានដាក់ម៉ាស៊ីន៦៥សេះចំនួន១គ្រឿងបូមទឹកពីចំណុចបឹងធំ និងបានជួយដល់គ្រួសារប្រជាកសិករចំនួន២៥០គ្រួសារ ។ ក្នុងភូមិគោកបន្ទាយ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ សង្គ្រោះស្រូវប្រាំងបាន៤០០ហិកតា ក្នុងនោះបានកាយប្រឡាយសង្គ្រោះស្រូវប្រវែង៩៥៥០ម៉ែត្រ បានដាក់ម៉ាស៊ីន៦៥សេះចំនួន១គ្រឿងបូមទឹកពីចំណុចបឹងធំ និងបានជួយដល់គ្រួសារប្រជាកសិករចំនួន៧០០គ្រួសារ។ នៅក្នុងភូមិមេលំ ឃុំមេលំ ស្រុកបរិបូណ៌ សង្គ្រោះស្រូវប្រាំងបាន៣៥០ហិកតា ក្នុងនោះបានកាយប្រឡាយសង្គ្រោះស្រូវប្រវែង៤៥០០ម៉ែត្រ បានដាក់ម៉ាស៊ីន៦៥សេះចំនួន១គ្រឿងបូមទឹកពីទន្លេ និងបានជួយដល់គ្រួសារប្រជាកសិករចំនួន២៧៤គ្រួសារ ។ នៅក្នុងភូមិក្បាលថ្នល់ ឃុំផ្សារ ស្រុកបរិបូណ៌ សង្គ្រោះស្រូវប្រាំងបាន៣៥០ហិកតា ក្នុងនោះបានកាយប្រឡាយសង្គ្រោះស្រូវប្រវែង១០០០ម៉ែត្រ បានដាក់ម៉ាស៊ីន៦៥សេះចំនួន២គ្រឿងបូមទឹកពីទន្លេ និងបានជួយដល់គ្រួសារប្រជាកសិករចំនួន១៧៥គ្រួសារ ។
សរុបការជួយសង្គ្រោះពីមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានចំនួន១១៤២ហិកតា ចំនួនគ្រួសារកសិករ១៣៩៩គ្រួសារ ដោយបានដាក់ម៉ាស៊ីនជួយសង្គ្រោះកម្លាំង៦៥សេះចំនួន៥គ្រឿង និងបានជីកស្តារប្រឡាយបានប្រវែង១៥៥៨០ម៉ែត្រ ក្នុងនោះ គឺត្រូវជួយបូមទឹកស្រោចស្រពស្រូវ១១៤២ហិកតានេះ រហូតដល់ច្រូតកាត់រួចរាល់តែម្តង ៕ ដោយ ៖ កាំង ហុងវាស្នា
















